តាមតួលេខរបស់សាកលវិទ្យាល័យ Oxford នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង១០ពាន់លានដូសហើយ គិតចាប់តាំងពីដូសដំបូង នៅចុងឆ្នាំ២០២០។
នេះជាជោគជ័យមួយបង្ហាញយ៉ាងច្បាស់ថា ពិភពលោកបានបង្កើនល្បឿនចាក់វ៉ាក់សាំងយ៉ាងល្អ ។ ទាំងនោះហើយបានជាប្រទេសជាច្រើនជុំវិញពិភពលោកបានគិតគួរដល់វិធានការរស់នៅជាមួយកូវីដ -១៩ ដោយមិនមានការរឹតត្បិតណាមួយទៀតឡើយ។
ក្នុងពេលនេះដែរ ប្រទេសជាច្រើនបានឆ្លងផុតដំណាក់កាលកំពូលនៃការឆ្លងរាលដាលកូវីដ-១៩ ដោយករណីឆ្លងបានថយចុះបន្តិចម្តងៗ។ ជាក់ស្តែងនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ១៩២,០២៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ១,១២៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៥,៤៨១,១២២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩០៦,៨៦១នាក់ និងជាសះស្បើយឡើងសរុបជាង ៤៥.៨លាននាក់។
គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៣៦លានដូស ក្នុងនោះប្រជាជន ២៥១.២៩លាននាក់ (៧៦.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស, ២១០.៣៩លាននាក់ (៦៣.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង៨៤.៣៥លាននាក់ (២៦.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយ៖សាធី
រូបថត៖Reuters