ព័ត៌មានទាន់ហេតុការណ៍៖

ការបំផ្លិចបំផ្លាញព្រៃឈើ សត្វព្រៃ នៅបន្តកើតមាន នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប !

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីការរំលោភយកដីលិចទឹករបស់រដ្ឋ ជុំវិញបឹងទន្លេសាប អស់រាប់មុឺនហិកតា ដោយមន្ត្រី ថ្នាក់ដឹកនាំ ឈ្មួញ ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនចាប់គុកមួយកំផ្លុះហើយ ! នៅតែមានបទល្មើសការបំផ្លិចបំផ្លាញព្រៃឈើ សត្វព្រៃ នៅបន្តកើតមាន នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ! យ៉ាងអនាធិតេយ្យ ។ ដោយឡែកអ្នកមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើ ឬធនធានធម្មជាតិ ម្នាក់ៗក្លាយជាបុគ្គលហុឺហារទៅវិញ។ 

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ក្នុងរឿងនេះ។ លោកបានថ្លែងថា, ទោះបីជាពេលវេលាចង្អៀតបន្តិចមែន តែយើងមិនភ្លេចក្នុងការដើរល្បាតមើលក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបនោះដែរ។ ជាក់ស្តែង នៅថ្ងៃទី២៩ មករា ២០២២នេះ យើងបានឃាត់៖

១- សកម្មភាពលួចកាប់ឈើខុសច្បាប់មួយករណី, ដោយដកយករណាយន្ត មករក្សាទុក, ហើយយើងបានលែងគាត់ទៅវិញព្រោះ អាណិតក្មេងៗតូច២នាក់ដែលមកជាមួយ

២- សកម្មភាពឈូសឆាយដីឧទ្យាន៣ករណី ដោយបើកត្រាក់ទ័ររត់គេចពីក្រុមការងារឧទ្យាន, តែយើងរឹបអូសបានម៉ូតូ១គ្រឿង

៣- ការដាក់អន្ទាក់យកសត្វ២ករណី

៤- ការដុតព្រៃដើម្បីចាប់សត្វជាច្រើនករណី។

ចំពោះបទល្មើសព្រៃឈើ ប្រសិនបើសមត្ថកិច្ចនិងមន្ត្រីជំនាញមានឆន្ទៈក្នុងការបង្ក្រាប វាមិនពិបាកទាល់តែសោះ ខណៈមិនមែនជាការលាក់លៀម ដូចការរត់ពន្ធបទឧក្រិដ្ឋគ្រឿងញៀននោះឡើយ ។ ការកាប់បំផ្លាញធ្វើសកម្មភាពក្នុងព្រៃជាក់ស្តែង ការប្រមូលទិញ ការដឹកជញ្ជូន មិនមែនហោះរំលងផ្លូវជាតិ ឬសមត្ថកិច្ច និងអាជ្ញាធរជំនាញនោះឡើយ។ ប៉ុន្តែអ្វីដែលនៅតែមានការកាប់បំផ្លាញ និងការដឹកជញ្ជូន ជៀសមិនផុតទេ ពីការប្រព្រឹត្តនូវអំពើពុករលួយដោយមិនត្រូវពាក់ព័ន្ធ៕

ដោយ ៖ សិលា


ចែករំលែក៖