ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសមនុស្ស៤នាក់ផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរស៤នាក់បានរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១៤២-១៤៣ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ស៊ន ហុក អាយុ ២៩ឆ្នាំ  មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់ភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងអ្នករួមដំណើរ ឈ្មោះ ឆោ ឥនគង  អាយុ ៤៥ឆ្នាំ មុខរបររោងចក្រ និងឈ្មោះ លីវ សានតង់  ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបររោងចក្រជនជាតិចិន សញ្ជាតិចិនស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្កីហ្គារីសស៍ ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ស្វាយរៀង ១R ៧១៤៣ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នករងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេខណៈរងរបួសស្រាលជិះម៉ូតូម៉ាកHONDA DREAM សេ១២៥ ស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខស្វាយរៀង១E.៧៩៨៨។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស៣នាក់បានជិះម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ស្វាយរៀង ១R ៧១៤៣ ក្នុងទិសដៅលិចទៅកើត មិនប្រកាន់ស្តាំបុកបញ្ច្រាសចំចំហៀងខាងស្តាំ ម៉ូតូម៉ាកHONDA DREAM សេ១២៥ ស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខស្វាយរៀង

១E.៧៩៨៨ជិះម្នាក់ឯងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងយប់។

ក្រោយមកអ្នករងរបួសទាំង៤នាក់ត្រូវបានសមត្ថកិច្ចបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖