ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក ! សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ភោធ​បេីកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ខណ្ឌ​ ឬស្សីកែវ​ ស្ថិតនៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៥​ ចំណុច​ សាលាដែក

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០២២​ ស្អែក​នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ភោធ​បេីកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ខណ្ឌ​ ឬស្សីកែវ​ ស្ថិតនៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៥​ ចំណុច​ សាលាដែក​ ជាប់​របងឃ្លាំងសាំង​ សង្កាត់​ឬស្សីកែវ​ ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ​ ។

សូមបញ្ជាក់ថា, រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៦:០០នាទី រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមាន របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្លាកចរាចរ ជាបណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាម ដងផ្លូវខាងលើមេត្តាជ្រាប យោគយលំ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។ ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់”៕

ដោយ ៖សុខ ខេមរា


ចែករំលែក៖