ខេត្តស្វាយរៀង ៖ លោក ហង្ស ចាន់ព្រីដា អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀងនិងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃឆ្លាក់និងលោក គង់ ចាន់ថន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ បានអញ្ជើញបើកសន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់គណបក្សសង្កាត់ព្រៃឆ្លាក់ អាណត្តិទី ៤ ឆ្នាំ ២០១៧-២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់អណ្ណត្តិទី៥ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២២។
ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់លោក ណាន ចាន់មករា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ លោក ហ៊ុន សាវ៉ាន់ ប្រធានគណបក្សប្រជាជនសង្កាត់ លោកលោកស្រីក្រុមការងារសមាជិកសមាជិការគណបក្ស សាខាបក្ស ភូមិ សង្កាត់ព្រៃឆ្លាក់ ព្រមទាំងក្រុមការងារជាច្រើននាក់ផងដែរ។
លោក ហង្ស ចាន់ព្រីដា បានបញ្ជាក់ ពីសកម្មភាពការងារ ដែលបានអនុវត្ត រយៈពេល ៥ ឆ្នាំកន្លងមក នេះយើងមានការអភិវឌ្ឍន៍ មានការរីកចម្រើនលើគ្រប់វិស័យ ជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែ ក៏នៅមានចំណុចខ្វះខាត មួយចំនួន ទាមទារឲ្យយើង រួមគ្នាដោះស្រាយនឹងអភិវឌ្ឍន៍ ក្នុងគោលដៅ ឆ្ពោះទៅរកជ័យជំនះ នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ នោះគឺ ការផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សអោយ ទូលំទូលាយ និងជ្រួតជ្រាបដល់ សមាជិកគណបក្ស ធ្វើឱ្យការអប់រំសតិអារម្មណ៍ ត្រូវតែបន្តធ្វើ សារចុះសារឡើងច្រើនដង ក៏ដូចជា ការគ្រប់គ្រងស្ថិតិ ប្រជាពលរដ្ឋអោយ បានហ្មត់ចត់។
ក្នុងឱកាសនោះ លោក គង់ ចាន់ថន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការបក្ស សង្កាត់ព្រៃឆ្លាក់ ដែលបានអនុវត្តកន្លងមក សម្រេចបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈពិសេសជម្រុញ ដល់គណបក្ស សង្កាត់ ឲ្យយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវយកចិត្តទុកដាក់ ថែរក្សាការពារ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ពិសេស ជំរុញការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពក្នុងគោលដៅ មិនត្រឹមធានាបាន សុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋយើង ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ ពួកគាត់ រឹតតែមានជំនឿ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល យើងមួយកម្រិតថែមទៀត ពេលនោះ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នាពេលខាងមុខ យើងពិតជាទទួលបាន ជោគជ័យជាក់ជាពុំខាន។
លោកបន្តថាទាំងអស់នេះ ហើយគឺសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ក្រុមការងារទាំងអស់ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជននៅក្នុងមូលដ្ឋាន ដែលនេះបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសង្កាត់ អាជ្ញាធរមូលដ្ឋាន សាខាបក្សភូមិ ចូលរួមបំពេញការងារយ៉ាងសកម្មអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការចូលរួមបម្រើនូវផលប្រយោជន៍ប្រទេសជាតិ គណបក្ស និងជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំផ្សារភ្ជាប់ និងកសាងនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ជាមួយប្រជាពលរដ្ឋមូលដ្ឋាន ៕
ដោយ៖យឹម សុថាន