ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់ថ្ងៃចូលរោងការនាំគ្នាជិះម៉ូតូចែកធៀបការ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យភាគីខាងប្រុសស្លាប់ និងភាគីខាងស្រីរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គូដណ្តឹងពីរនាក់ពេលជិតដល់ថ្ងៃចូលរោងការហើយនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យខាងប្រុសបាត់បង់ជីវិត រីឯខាងស្រីរងរបួសធ្ងន់ នាថ្ងៃសែនចូលឆ្នាំចិន វៀតណាម នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

  នគរបាលចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកLEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-3250 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនពេលដល់ចំណុចកើតហេតុផ្លូវកោងបានបុកប៉ះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ1BG-1154​ ភ្នំពេញ ជិះគ្នា២នាក់ ក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ បាក់ឆ្អឹងត្រគាកទាំងសងខាង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពោធិ៍២ ខេត្តបាត់ដំបង។  អ្នកបើកបររថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។ ចំណែក វត្ថុតាងរថយន្តនិងម៉ូតូរងការខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។

តាមការឱ្យដឹងពីឪពុកខាងស្រីបានប្រាប់ថា៖ ជនរងគ្រោះទាំង២នាក់ជាគូដណ្តឹងនឹងគ្នាដោយខាងប្រុសជាកូនប្រសាឈ្មោះ សាមឿង អាយុ៣៥ឆ្នាំ នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះ​នេត្រព្រះ ។ ចំណែកកូនស្រីបង្កើតរបស់គាត់ឈ្មោះ ឈន សូនេតសត្យា អាយុ២២ឆ្នាំ នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ។  ពួកគេទាំង២នាក់ជាគូដណ្តឹងនឹងគ្នា ហើយជិតដល់ថ្ងៃចូលរោងការនៅថ្ងៃទី១២ខែកុម្ភៈខាងមុខនេះ ទើបពួកគេបានជិះម៉ូតូដើរចែកធៀបការអញ្ជើញភ្ញៀវបានមួយចំនួនផងដែរ ។ នៅមុនពេលកើតហេតុពួកគេទាំង២នាក់បានចេញពីផ្ទះនៅភូមិអូរអណ្តូងទៅលេងផ្ទះឪពុកម្តាយខាងប្រុសនៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង។       

ក្រោយកើតហេតុសមត្ថកិច្ចបានមកសម្រួលនិងធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ វណ្ណា


ចែករំលែក៖