ខេត្តកណ្ដាល ៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៥នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះស្លាប់មាន២នាក់ ទី១-ឈ្មោះ ជា ឡុងហេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកWinner-X ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-1837 និងទី២-ឈ្មោះ ចាយ ឌី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរម៉ូតូម៉ាកMSLAS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1IB-8834។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកWinner-X ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ឆ្នាំង 1J-1837 បើកបរដោយឈ្មោះ ជា ឡុងហេង ភេទប្រុស អាយុ២៤ឆ្នាំ ធ្វើដំណើរពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) លុះមកដល់កន្លែងកើតហេតុ ស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូង(តាខ្មៅ-ជ្រៃធំ) ម៉ូតូម៉ាក MSLAS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1IB-8834 បើកបរដោយឈ្មោះ ចាយ ឌី ភេទប្រុស អាយុ២១ឆ្នាំ បណ្ដាលឱ្យអ្នកបើកបរម៉ូតូទាំងពីរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យរន្ធត់ ។
ក្រោយពីបានទទួលព័ត៌មានខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះទៅពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ចាត់ការតាមនីតិវិធី។ ចំណែកសពទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ ម៉ាកWinner-X បើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង៕
ដោយ៖ ស្អាងជ័យ