ខេត្តសឹ្ទងត្រែង ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ រថយន្តយីឌុប១គ្រឿង ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 4A -1401 ដឹកឈើគ្រឿងផ្ទះចាស់បង្កប់ឈើថ្មីខាងលើ ដែលមន្ត្រីជំនាញបង្ក្រាបនោះ។ ប្រភពបានផ្តល់ព័ត៌មានមកថា: មានឈ្មួញរកសុីទិញឈើផ្ទះចាស់ តែលួចបង្កប់ឈើថ្មី នៅពីក្រោម បានដឹកចេញពីចំណុច ភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀងប៉ាង ខេត្តសឹ្ទងត្រែង។
ក៏បានបែកធ្លាយដឹងច្បាស់ដល់មន្ត្រីជំនាញ ទើបធ្វើការតាមប្រមាញ់បណ្តើររហូតមកដល់ចំណុចគល់ស្ពានសេកុង ក្រុងសឹ្ទងត្រែង ក៏ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសហការ ស្ទាក់ឃាត់សួរនាំយកមកចូលក្នុង ខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅជាប់និងគល់ស្ពានសេកុងនេះតែម្តង ដើម្បីធ្វើការឆែកឆេរកមូលហេតុពិត តើមានឈើថ្មីបង្កប់ដូចការផ្តល់ព័ត៌មាននោះដែរទេ។
នេះបើតាមប្រភពផ្តល់ព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងដែរថា រថយន្តយីឌុបខាងលើនេះ តែងតែប្រើរូបភាពដឹកគ្រឿងផ្ទះចាស់ តែការពិតបង្កប់ឈើថ្មី នៅពីក្រោមបន្លំភ្នែកមហាជន សមត្ថកិច្ច និងមន្ត្រីជំនាញចំនួន៣ជើង រួចមកហើយ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរតាមដងផ្លូវជាតិលេខ៧ កម្ពុជា-ឡាវ បានយ៉ាងរលូនផងដែរ។
លោក ហ៊ុន សំអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរពង ខេត្តសឹ្ទងត្រែង បានប្រាប់ភ្នាក់ងារព័ត៌មានយើង តាមរយ:ទូរស័ព្ទ កាលពីម្សិលមិញនេះថា ទាក់ទិននិងបញ្ហារឿងចាប់បង្រ្កាប រថយន្តយីឌុប១គ្រឿងដឹកក្តារគ្រឿងផ្ទះចាស់ លួចបង្កប់ឈើថ្មី ពីក្រោមនោះ ខាងលោកនៅមិនទាន់បានធ្វើការវាស់វែងទេ ហើយក៏នៅមិនទាន់ដឹងចំនួនម៉ែត្រែគូបនៅឡើយដែរ លោកថាដោយសាររវល់ចូលឆ្នាំចិន។
គួររំលឹកថា: ការដឹកជញ្ចូនឈើជាលក្ខណ:គ្រួសារ ធ្វើអាជីវកម្ម មានច្បាប់និងគ្មានច្បាប់នៅតែបន្តគ្រប់រូបភាព ដើម្បីបានប្រយោជន៍ ចិញ្ចឹមឆ្នាំងបាយទាំងឈ្មួញទាំងសមត្ថកិច្ច នេះទម្លាប់ទៅហើយទោះបីបង្ក្រាបយ៉ាងណា ក៏បានត្រឹមតែល្អមើលនិងបង្ហាញសំដែងរឹត ឲ្យថ្នាក់លើមើលឃើញស្នាដៃតែប៉ុណ្ណោះ។ ធាតុពិតបទល្មើសទាំងនេះនៅតែបន្តធ្វើសកម្មភាពដដែល អស់ឈើដឹកទើបឈប់ នេះវាជាបរិបទ របស់សមត្ថកិច្ច និងមន្ត្រីជំនាញ ថ្នាក់ក្រោមជាតិ ដែលមតិមហាជនតែងតែនិយាយតៗគ្នាថា: មន្ត្រីទាំងនេះគេតែងតែយកកន្ទេលធំបន្លំធ្វើពុធជាដេក ត្រីងៀតឆ្លៀតពង ត្រីជាប់ម៉ងនៅតែឆ្លៀតបណ្តើកូន ឯឬស្សីចងក្បូននៅតែឆ្លៀតដុះទំពាំង។ ទើបបទល្មើសដឹកជញ្ចូនឈើល្មើសច្បាប់ទាំងនេះ បង្ក្រាបមិនចេះអស់ កើតមានជារៀងរាល់ថ្ងៃនិងយប់ ហើយការដឹកជញ្ចូននេះសោធ៍ ដោយមិនគិតអំពីស្ថានទម្ងន់នៃផ្លូវនោះឡើយ ធ្វើមិចឲ្យតែបានផលប្រយោជន៍ខ្លួន រហូតលើសទម្ងន់ធ្វើឲ្យផ្លូវទ្រុឌទ្រោមខូច ទើបសាធារណ:ការឈូសកៅស៊ូចេញដាក់ក្រាលគ្រោះក្រហមវិញ។ ទើបលំបាកដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើររហូតមកដល់សព្វថ្ងៃនេះ ធ្វើឲ្យពួកគាត់មានការត្អូញត្អែថា ផ្លូវជាតិលេខ៧ ហាយវ៉េ ជាផ្លូវតភ្ចាប់ពីកម្ពុជា.ឡាវ បច្ចុប្បន្ននៅមិនទាន់ស្ថាបនានៅឡើយ។ គ្រាន់តែជាការថែទាំរបស់មន្ទីសាធារណ:ការ និងដឹកជញ្ចូនខេត្តស្ទឹងត្រែង ជួសជុលជារៀងរាល់ឆ្នាំ ធ្វើឯមុខខូចឯក្រោយជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ ព្រោះតែមន្ត្រីជំនាញនីមួយៗ គិតតែផលប្រយោជន៍ខ្លួន ដោយមិនគិតដល់ផលប្រយោជន៍ជាតិជាធំ៕
ដោយ៖មាស សុផាត