ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនស្រីបង្កើតរ៉េត សារីតា ដាក់ពាក្យប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២២គឺមានសមត្ថភាពមិនធម្មតាឡើយ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងទៅលើការប្រកាសដាក់ពាក្យចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ២០២២ពី កញ្ញា រ៉េត ស្រីនាថ ដែលគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា។ ការប្រកាសនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលហើយកាន់តែចាប់អារម្មណ៍គឺគេដឹងថានាងក៏មានសមត្ថភាពក៏មិនធម្មតាដែរ។ 

ទស្សនិកជននិងអ្នកគាំទ្រវិស័យកញ្ញាឯកលើកឡើងថានាងក៏នឹងក្លាយជាបេក្ខភាពដែលគួរឲ្យចាប់អារម្មណ៍ថ្មីសម្រាប់ឆ្នាំនេះព្រោះតែនាងក៏ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ក្នុងការដើរបង្ហាញម៉ូត និងចូលរួមប្រកួតកម្មវិធីសម្រសល់កន្លងទៅផងដែរ ពិសេសនាងទទួលបានការណែនាំច្រើនពីបងស្រីដែលធ្លាប់ទទួលបានជោគជ័យលើការងារសិល្បៈមួយចំនួននោះ។ កញ្ញា រ៉េត ស្រីនាថ ក៏ត្រូវបានគេដឹងដែរថានាងគឺជាអតីតបេក្ខភាព៦នាក់ចុងក្រោយនៅក្នុងកម្មវិធី Miss Grand Cambodia 2016 ផងដែរ ហើយមុននេះនាងបានធ្វើការហ្វឹកហាត់លើជំនាញមួយចំនួនរួចជាស្រេចដើម្បីត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីកញ្ញា ឯកចក្រវាឡឆ្នាំនេះ ដែលគេដឹងថានឹងកាន់តែពិសេស ទាំងកម្មវិធីប្រកួត ប្រាក់រង្វាន់ មកុដ។ មានការបញ្ជាក់ដែរថា បេក្ខភាពកញ្ញាឯករូបនេះអាចនិយាយបានរហូតទៅដល់៤ភាសាក្រៅពីភាសាខ្មែរដែលជាភាសាកំណើត ក្នុងនោះមានភាសា អង់គ្លេស បារាំង ចិន និងបាគីស្ថាន ខណៈដែលនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិរួចរាល់ហើយបច្ចុប្បន្នកញ្ញា កំពុងធ្វើការAmbassador Secretary នៅស្ថានទូតប៉ាគីស្ថានផងដែរ។ 

  នាងនឹងក្លាយជាបេក្ខភាពកញ្ញាឯកដ៏មានសក្កដានុពលថ្មីពោរពេញដោយសមត្ថភាព និងភាពជឿជាក់ ក្រោយពីមានការបង្ហើបដែរថាឆ្នាំ នេះមានបេក្ខភាពជើងខ្លាំងជាច្រើនត្រៀមខ្លួនបង្ហាញវត្តមាននៅលើឆាកប្រកួតទ្រង់ទ្រាយធំមួយនេះផងដែរ។ គេនៅបន្តរងចាំតាមដានដែរថា តើបេក្ខភាពណាដែលអាចឆក់បានការគាំទ្រខ្លាំង និងក្លាយទៅជាម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២២នេះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖