ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះលើកជនរងគ្រោះយកទៅកប់ក្នុងខ្សាច់ តែអកុសលយឹតពេលទៅហើយបន្ទាប់ពីជនរងគ្រោះឆក់ត្រីក្នុងស្រះ ប៉ុន្តែចៃដន្យភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងស្លាប់ទៅវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២២នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះថន ចាន់ថាត ហៅអួច អាយុ ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ដើមពោធិ៍ ឃុំស្វាយតាយាន ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ ជិត សុខី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់។
ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ខណៈដែលគាត់បានយកខ្សែភ្លើងមកតដើម្បីឆក់ត្រីក្នុងស្រះនៅផ្ទះម្ដាយបង្កើត។នៅពេលតខ្សែភ្លើងរួចរាល់ហើយក៏ចុះក្នុងស្រះឆក់ត្រីតែអកុសលភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់តែម្ដង។
សពត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន