ថ្មីៗនេះកម្មវិធីប្រកួតសម្រស់ថ្មីមួយគឺកម្មវិធីMiss Teen International Cambodia 2022 បានរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួនហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ និងរំជួលចិត្តអាណិតដល់កញ្ញា ព្រះកាយ ច័ន្ទ ជាពិធីករបានអួលដើករសម្រក់ទឹកភ្នែកភ្លាមៗនៅលើឆាកប្រកួតនោះតែម្តង។ ស្រក់ទឹកភ្នែកព្រោះតែនាងនឹករលឹកដល់ឪពុកដែលជាអ្នកមានគុណ ជាអ្នកបង្ហាត់បង្រៀន តុបតែងខ្លួន តាមមើលថែនាងគ្រប់ជំហាននិងច្នៃសម្លៀកបំពាក់សម្រាប់នាងចាប់តាំងពីមុននិងក្រោយចូលប្រឡូកសិល្បៈនោះបានលាចាកលោកកាលពីពេលកន្លងទៅ។ បេក្ខភាពកញ្ញាឯកពាក់ស្លាកលេខ១៦កញ្ញា ណូ ហ្វារីដា បានឆ្លើយទៅនឹងសំណួរដែលត្រូវបានចាប់ឆ្នោត និងត្រូវបានសួរដោយកញ្ញា ព្រះកាយច័ន្ទ។ ក្នុងនេះដែរ បេក្ខភាពរូបនេះបានពោលពាក្យអរគុណទៅកាន់អ្នកមានគុណ ទាំងពីរដែលបានមើលថែនាង ថែមទាំងបានច្នៃម៉ូដសំលៀកបំពាក់យ៉ាងស្អាតប្រណិតសម្រាប់ចូល ប្រកួតនៅក្នុងការប្រលងមួយនេះ ទើបជាហេតុធ្វើឱ្យ ព្រះកាយច័ន្ទ ទឹកភ្នែកនឹកដល់លោកប៉ាជា ទីស្រលាញ់របស់នាង ដែលលោកក៏ធ្លាប់ច្នៃម៉ូដ និងរៀបចំឱ្យនាងគ្រប់ពេល ពេលចេញសម្ដែងម្ដងៗ ប៉ុន្តែរូបភាពទាំងនោះលែងមានទៀតហើយ បន្ទាប់ពីលោកប៉ាបានលាចាកលោកគ្មានថ្ងៃត្រឡប់។
គួរបញ្ជាក់ដែរថាឪពុករបស់តារាសម្តែង ព្រះកាយច័ន្ទគឺ លោក ពៅ ចាន់តារា បានទទួលមរណភាពកាលពីយប់រំលេងអធ្រាត្រចូលថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២១។ មរណភាពរបស់គ្រូបង្ហាត់សិល្បៈបុរាណរូបនេះត្រូវបានគេចាត់ទុក្ខថាជាការបាត់បង់ធនធានសិល្បករឆ្នើម ដែលលោកធ្លាប់បានចំណាយកម្លាំងកាយចិត្តស្ទើរពេញមួយជីវិតដើម្បីវិស័យសិល្បៈ។ ឪពុករបស់នាង ជាមនុស្សរួសរាយរាក់ទាក់ ជាអតីតសិល្បករ និងជាគ្រូបង្រៀនផ្នែកសិល្បៈបុរាណទៅកាន់សិស្សជាច្រើន ក្នុងក្លឹបព្រះកាយច័ន្ទ និងជាអ្នកដែលត្រួសត្រាយផ្លូវសម្រាប់កូនស្រីឈានឡើងក្នុងវិស័យសិល្បៈ១ទសវត្សរ៍កន្លងមកនេះ៕
ដោយ ៖ វឌ្ឍនា