ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តឡង់គ្រីស័របុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង ៣០ នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខខារ៉ាអូខេ ហេង ហេង ផ្កាយមាស(II) តាមបណ្ដោយផ្លូវ២២១ កែងនឹងផ្លូវ ១១២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2BO-7908 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២២១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តឡង់គ្រីស័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL-2717បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១១២ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រ័ងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តកាមរីខាងមុខផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យផ្ទប់ជាប់គ្នា នឹងរងការខូចខាតរៀងខ្លួន។ភ្លាមនោះគេឃើញម្ចាស់រថយន្តកាមរីបានចេញពីកន្លែងកើតហេតុបាត់ ដោយឲ្យតំណាងមកធ្វើការដោះស្រាយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យតំណាងខាងភាគីរថយន្តកាមរីធ្វើការសម្របសម្រួលគ្នាជាមួយភាគីរថយន្តឡង់គ្រីស័រ រយៈពេលមួយសន្ទុះធំ ដោយភាគីទាំងពីរសម្របសម្រួលគ្នាមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ