ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈ្មួញលួចកាប់ឈើ លាក់ទុកនៅក្បែរជើងភ្នំស្រង់ ជាច្រើនដុំ គេសង្ស័យមន្ត្រីជំនាញបើកភ្លើងខៀវឲ្យ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ ពលរដ្ឋបានប្រទះឃើញឈើជ្រុងប្រណិតច្រើនដុំ បានរាយការណ៍ឱ្យដឹងថា កំណាត់ឈើជ្រុងជាច្រើនដុំ ប្រវែងជាង៣ម៉ែត្រ ត្រូវបានក្រុមឈ្មួញយកទៅលាក់ទុកនៅរាយប៉ាយ តាមជើងភ្នំស្រង់ ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយគេដាក់ការសង្ស័យថា អាចនឹងមានមន្ត្រីជំនាញណាម្នាក់ នៅពីក្រោយខ្នង បើកភ្លើងខៀវនៃការកាប់បំផ្លាញព្រៃឈើដ៏ច្រើននៅលើភ្នំរួចយកមកលាក់តាមជើងភ្នំ ។

ពលរដ្ឋដែលប្រទះឃើញកំណាត់ឈើដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្រុមឈ្មួញដាក់លាក់ទុក នៅរាយប៉ាយពាសពេញតាមជើងភ្នំ លើភ្នំស្រង់ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ៖ តាមការសង្កេតមើលទៅព្រៃឈើនៅត្រង់ចំណុចភ្នំខាងលើនឹងរលត់រលាយជាក់ជាមិនខាន ខណ:មានក្រុមឈ្មួញ និងអ្នកស៊ីឈ្នួលកាប់ព្រៃ រស់នៅក្នុងខេត្តប៉ៃលិនមួយចំនួន បានយកម៉ាស៊ីនត្រង់ស៊ីន័រទៅដេកអាឈើនៅលើព្រៃភ្នំស្រង់នេះ អស់រយ:ពេលជាច្រើនខែមកហើយ គឺលាន់ឮសំឡេងម៉ាស៊ីនត្រសងប្រដេញគ្នាទាំងយប់ទាំងថ្ងៃ លុះប្រជាពលរដ្ឋសួរនាំក្រុមស៊ីឈ្នួលកាប់ឈើទាំងនោះ គេបង្ហើបឱ្យដឹងថា÷ បានរត់ការទៅមន្រ្តីជំនាញអស់ហើយ។ ទោះបីជាពួកគេនាំគ្នាកាប់ព្រៃអស់ពីភ្នំខាងលើ ក៏គ្មានបញ្ហាអ្វីដែរ ព្រោះភ្នំជាច្រើន ត្រូវបានកាប់ឈើអស់រលីង រួចក្រោយមក ត្រូវបានប្រជាពលរដ្ឋយកដីភ្នំទាំងនោះ ដើម្បីទៅដាំដំណាំអាស្រ័យផល។

ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការហិនហោច នៃព្រៃឈើនៅតាមតំបន់ភ្នំខាងលើ ព្រោះតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហាក់ដូចជាសម្ងំស្ងៀម គ្មានចំណាត់ការទៅលើជនល្មើសទាំងនោះឡើយ ហើយពេលពួកគេរាយការណ៍ជូន បែរជាស្ងាត់ឈឹង ហាក់ដូចជាមិនប្រក្រតី។

លើសពីនេះ ពួកគេមានការបារម្ភពីការប្រែប្រួលអាកាសធាតុ ព្រោះតែការកាប់បំផ្លាញព្រៃឈើអស់ គ្មានរុក្ខជាតិទាក់ទាញទឹកភ្លៀង ធ្វើឱ្យអាកាសធាតុគ្មានលំនឹង បង្កទៅជាបាតុភូតគ្រោះធម្មជាតិ ជាយថាហេតុថែមទៀតផង។ ពួកគាត់ក៏សំណូមពរឱ្យថ្នាក់ដឹកនាំខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើលព្រៃឈើនៅកន្លែងខាងលើ ដើម្បីរក្សាព្រៃឱ្យបានគង់វង់ និងចាត់ការទៅលើជនបង្ហិនបំផ្លាញព្រៃឈើមួយចំនួនខាងលើផងដែរ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើង បានទាក់ទងទៅលោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងថា ខាងលោកនឹងចាត់មន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល បញ្ហាកាប់បំផ្លាញព្រៃឈើខាងលើនេះ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖