ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់កងទ័ពភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា (Narongpan Jittkaewtae) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា បានគូសបញ្ជាក់ថា នេះជាលើកទីមួយ ដែលប្រតិភូកងទ័ពជើងគោកភូមិន្ទថៃបានមកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល។ 

មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះវិស័យកងទ័ពក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

នាយឧត្តមសេនីយ៍ ណារ៉ុងផាន ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដូចជាកិច្ចសហប្រតិបត្តិការដោះមីននៅតាមបណ្ដោយព្រំដែន និងការហ្វឹកហ្វឺនជាដើម ដោយបានប្តេជ្ញាថានឹងបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះឲ្យកាន់តែជិតស្និទ្ធថែមទៀត។

ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងគោកភូមិន្ទថៃនាឱកាសនេះ និងបានជូនពរដំណើរទស្សនកិច្ចរបស់ប្រតិភូឲ្យទទួលបានលទ្ធផលល្អ។ 

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ផ្តើមចេញពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឱ្យគ្រប់វិស័យមានការរីកចម្រើន ពិសេសស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរ នៅតែបន្តសហការជាមួយគ្នាជិតស្និទ្ធថែមទៀត ក្នុងការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ជួញដូរអាវុធ អំពើភេរវកម្ម និង បទល្មើសធនធានធម្មជាតិព្រៃឈើ៕

ដោយ៖ ស សម


ចែករំលែក៖