ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ដោយសារក្រឡាប់រថយន្តធ្លាក់ផ្លូវចូលក្នុងទឹក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ព័ត៌មានពីខេត្តបាត់ដំបងបានឱ្យដឹងថា មានបុរសម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រោយពីបើករថយន្តដឹកត្រី សង្ស័យក្នុងស្ថានភាពងងុយដេក រួចរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងស្ទឹងសង្កែ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងស្ទឹងសង្កែត្រើយខាងលិច ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ 

   សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាង សារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុមទី២២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

   យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានបើករថយន្តមួយគ្រឿងម៉ាកអ៉ីស៊ុយហ៊្សុយ ពណ៌ទឹកសមុទ្រ(ដឹកត្រី) តាមបណ្តោយផ្លូវក្នុងទិសដៅពីជើងទៅត្បូង ។  លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យាគាត់ងងុយដេកបានជ្រុលចង្កូតធ្លាក់ក្រឡាប់ចូលទៅក្នុងទឹកស្ទឹងសង្កែ បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕

ដោយ៖ អរុណរះ


ចែករំលែក៖