ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​កែប​៖ គម្រោង​ពង្រីក​ និង​ស្ថាបនា​ផ្លូវ​បេតុង​ជុំវិញ​ឧទ្យាន​ជាតិខេត្ត​កែប​ គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋបាលខេត្ត​ ព្រមទាំងមានការគាំទ្រ​ពី​ក្រសួងបរិស្ថាន​

ចែករំលែក៖

ខេត្ត​កែប ​៖​ អភិបាលខេត្ត​កែប​លោក សោម ពិសិដ្ឋ បាន​ថ្លែងថា៖ គម្រោង​ពង្រីក​និង​ស្ថាបនា​ផ្លូវ​បេតុង​ជុំវិញ​ឧទ្យាន​ជាតិ ខេត្ត​កែប​ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋបាលខេត្ត​ព្រមទាំង​មាន​កិច្ច​គាំទ្រ​ពី​ក្រសួងបរិស្ថាន​ដើម្បី​ត្រៀម​ទទួល​ទេសចរ​មក​កម្សាន្ត​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពិសេស​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​សម្រាប់​ខេត្ត​កែប​ទាំងមូល​។​ ផ្លូវ​នេះ​នឹង​ស្ថាបនា បន្ថែម​ជាង​ប្រាំ​មួ​គីឡូម៉ែត្រ​ព្រមទាំង​រៀបចំ​ជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ​ដែលមាន​កន្លែង​សម្រាប់​បោះតង់​ជាប់មាត់​ទឹក​នៅលើ​ឧទ្យាន​ជាតិ​កែប​ដោយមាន​ការបំពាក់​ភ្លើង​បំភ្លឺ​ផងដែរ​។

លោក សោម ពិសិដ្ឋ បានថ្លែងបន្តថា គម្រោង​នេះ​នឹងត្រូវ​ធ្វើឱ្យ​រួចរាល់​ក្នុង​រយៈពេល​ពីរ​ខែ​ពោលគឺ​មុន​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​មកដល់​។​ នេះ​ជា​សមិទ្ធផល​ថ្មី​សម្រាប់​ខេត្ត​កែប​បន្ថែម​លើ​គម្រោង​ពង្រីក​ឆ្នេរ​ប្រវែង​២.៧០០​ម៉ែត្រ​ដែល​អាចឱ្យ​ភ្ញៀវ​មក​កម្សាន្ត​បាន​កាន់តែច្រើន​។

អភិបាល​ខេត្ត​រូប​នេះ​ ក៏បានគូសបញ្ជាក់ថា៖ ឧទ្យាន​ជាតិ​កែប​មាន​ផ្ទៃដី​ជាង​មួយ​ពាន់​ហិកតា​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​កែប​។ ពេល​ភ្ញៀវ​សម្លឹង​ចេញពី​ឧទ្យាន​ជាតិ​នោះ​នឹង​មើលឃើញ​ទេសភាព​ដ៏​ស្រស់បំព្រង​នៃ​ទី​ក្រុងកែប និង​បណ្តា​កោះ​នានា​នៅលើ​ផ្ទៃសមុទ្រ​។ ឧទ្យាន​ជាតិ​នេះ​តែង​ផ្តល់​ទិដ្ឋភាព​បៃតង​ស្រស់​ខួប​ប្រាំង​វស្សា និង​ជា​ជម្រក​សម្រាប់​សត្វព្រៃ​ច្រើន​ប្រភេទ​ផងដែរ​៕​

ដោយ​៖សហការី​


ចែករំលែក៖