ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលការព្រំដែនទទួលពលករកម្ពុជាចំនួន២៨៤នាក់ ពីភាគីថៃ បានវិលត្រឡប់មកស្រុកកំណើតវិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៤ ខែ កុម្ភ: ឆ្នាំ២០២២នេះ កម្លាំងនគរបាលការពារព្រំដែនក្នុងវរសេនាតូចលេខ៨១៩ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរអន្លក់និងកម្លាំងកងយោធពលខេមរភូមិន្ទ រួមនឹងក្រុមគ្រូពេទ្យ បានចុះទៅទទួលពលករកម្ពុជាវិលត្រឡប់មកស្រុកកំណើតវិញ ខណ:ភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

 សមត្ថកិច្ចបានឲ្យដឹងថា ពលករខ្មែរទាំងអស់មានចំនួន២៨៤នាក់ក្នុងនោះមានស្រី១០៩នាក់,ក្មេង៣៨នាក់(កុមារី២០នាក់) ដែលបានឆ្លងដែនទៅស៊ីឈ្នួលធ្វើពលកម្មនៅប្រទេសថៃយូរខែថ្ងៃមកហើយ។អ្នកទាំងនេះបានចូលទៅថៃដោយគ្មានលិខិតស្នាមឆ្លងដែនត្រឹមត្រូវ ទើបអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីទទួលពលករពីភាគីថៃ សមត្ថកិច្ចបានកត់ឈ្មោះពួកគាត់រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល៖ អវិជ្ជមានជំងឺកូវីដ-១៩ ទាំងអស់។ដោយឡែកពលករចំនួន ៥០នាក់, ស្រី២២នាក់,ក្មេង០៦នាក់(កុមារី០៥នាក់) ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន។ រីឯពលករដែលមានប័ណ្ណចាក់វ៉ាក់សាំងរួចបានពិនិត្យឃើញថាមានចំនួន២៣៤នាក់,ស្រី៨៧នាក់,ក្មេង៣២នាក់។ ជាមួយនេះក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ០៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១៦នាក់ (កុមារី៩នាក់)ហើយក្រុមគ្រូពេទ្យ៏បានអនុញ្ញាតឲ្យត្រឡប់ទៅ ស្រុកកំណើតរៀងៗខ្លួនវិញ ក្រោយសមត្ថកិច្ចធ្វើការអប់រំរួច ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖