ខេត្តស្វាយរៀង ៖ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋទាំងក្បាលព្រលប់ ហើយបានប្លន់យកខ្សែកទម្ងន់៥ជី និងលុយប្រមាណ២០០ដុល្លារ នៅក្នុងឃុំក្រោលគោ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីក្បាលព្រលប់ ថ្ងៃទី០៤ ខែកុម្ភៈ ស្ថិតនៅចំណុចភូមិប្ញស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះចែត ភន អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុន ធីតា អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។
តាមអ្នកភូមិបានបញ្ជាក់ថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះនៅអង្គុយខាងក្រោមផ្ទះស្រាប់តែមានក្រុមចោរ១ក្រុមមានគ្នា០៣នាក់ស្លៀកពាក់ខោលីអូ បិទមុខ ប្រដាប់ដោយអាវុធវែងគ្រប់ដៃចូលមកភ្ជង់បុរសជាប្តី ហើយសម្លុតគំរាមឱ្យយកមាសប្រាក់មកឱ្យពួកគេ។
ដោយមានការភ័យខ្លាច ប្រពន្ធជនរងគ្រោះបានទៅយកកាបូបយួរដៃ ដែលដាក់ខ្សែដៃមាស១ខ្សែទម្ងន់៥ជី និងប្រាក់ដុល្លារចំនួន២០០ដុល្លារឱ្យទៅក្រុមចោរ ហើយនៅក្នុងកាបូបយួរដៃនោះមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបណ្ណចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយក្រុមចោរបាននាំគ្នាគេចខ្លួនបាត់ស្រមោលទៅ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំការអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានព័ត៌មាន លោកអនុសេនីយ៍ឯក ស្រ៊ី ស៊ីថន ក្រុមការងារប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកប៊ូ សារ៉េន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចុះធ្វើអន្តរាគមន៍បន្ទាន់ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើកំណត់ហេតុស្រាវជ្រាវរកចាប់ខ្លួនក្រុមជនសង្ស័យដើម្បីយកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕
ដោយ៖យឹម សុថាន