ព័ត៌មានទាន់ហេតុការណ៍៖

អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍២នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន២នាក់ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកវរសេនីយ៍ឯក សាន សុខសីហា​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ 

លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា​៖ មនុស្ស​ ២នាក់​ដែលត្រូវបានឃាត់ខ្លួននោះ៖ ទី១ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ,និងទី២ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យរូបនេះ​ បានសង្កត់ធ្ងន់ថា​៖ ការឃាត់ខ្លួនបុគ្គលទាំង២នាក់នេះ គឺយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្រោយ​ឃាត់ខ្លួនរួច​ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួន និងបើកការសួរនាំនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖