ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជំពាក់លុយគេច្រើនពេកជិះម៉ូតូឡើងលើស្ពានគីហ្សូណាលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសម្នាក់មានវិបត្តិដោយសារតែជំពាក់លុយគេច្រើនពេកបានជិះម៉ូតូឡើងលើស្ពានលោតទឹកសម្លាប់ខ្លួនដោយបន្សល់ទុកត្រឹមពាក្យសុំទោសប្រពន្ធកូននិងឪពុកម្តាយ។

   ហេតុការណ៍លោតទឹកសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៤និង ៣០នាទីទៀបភ្លឺថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើស្ពានគីហ្សូណា ត្រង់ចន្លោះបង្គោលទី០៩ និងទី១០ ក្នុងក្រុងកំពង់ចាម។

   បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណាសង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅត្រង់ចំណុចចន្លោះបង្គោលទី០៩ និង ទី១០រួចមក លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយកម្លាំងគោលដៅយាមស្ពានគីហ្សូណាបានទៅដល់ចំណុចកើតហេតុខាងលើ ហើយសមត្ថកិច្ចយើងបានឃើញមានម៉ូតូ១គ្រឿង ម៉ាកហុងដាអឹមអេសអុិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CW- 3930 ស្បែកជើងចំនួន១គូ និងកាបូបលុយពណ៌ត្នោតចំនួន ១ នៅលើស្ពាន។

   កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានត្រួតពិនិត្យក្នុងកាបូបលុយឃើញមានបន្សល់ទុកសម្ភារមួយចំនួនដូចជា ៖ -អត្តសញ្ញាណប័ណ្ណ១សន្លឹក ឈ្មោះ ឆេង សុឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ 

-បណ្ណសម្គាល់យានយន្ត ( ម៉ូតូ) ពាក់ស្លាកលេខ ភ្នំពេញ 1BL-6134 កាតធនាគារវីង១សន្លឹក។

-លិខិតសុំទោស១សន្លឹក ប្រាក់ចំនួន ៣២,៧០០រៀល។

   នៅក្នុងលិខិតដែល បុរសរូបនោះបានសរសេររៀបរាប់ពីទុក្ខសោក និងសុំទោសដល់ប្រពន្ធកូន ឪពុកម្តាយ ដោយសារតែខ្លួនជំពាក់លុយគេច្រើនពេករហូតដល់ជាង១ម៉ឺនដុល្លារ ទើបសម្រេចបញ្ចប់ជីវិតបែបនេះ។

   បន្ទាប់ពីកើតហេតុសម្ភាររបស់បុរសគិតខ្លីរូបនេះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ និងទំនាក់ទំនងទៅមូលដ្ឋានស្រុកដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកសម្ភារវិញ ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖