ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឪពុកក្មេក! ឯកូនប្រសាសមត្ថកិច្ចកំពុងស្រាវជ្រាវ ពាក់ព័ន្ធករណីឆបោកលុយដុល្លារ

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ ជនពិការជើងម្នាក់ត្រូវបានសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ធ្វើការឃាត់ខ្លួនខណៈកូនប្រសាម្នាក់ទៀតដែកស្លៀកពាក់ឯកសណ្ឋានថ្នាក់វរសេនីយ៍ឯក កំពុងរត់គេចខ្លួន ពាក់ព័ន្ធករណីឆបោកលុយដុល្លារអាមេរិក ពីប្រជាពលរដ្ខចំនួន៤នាក់ ។

 ករណីឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធការឆបោកនេះ ធ្វើឡើងនៅវេលាព្រឹក ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បន្ទាប់មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ។

 លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បើយោងរបាយការណ៍ផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ជនសង្ស័យដែលកំពុងបន្តនីតិវិធីឈ្មោះ អឹម សំអុល ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(អតីតយុទ្ធជនពិការ)មានទីលំនៅភូមិបោសគរ ឃុំតាលោ ស្រុកតាលោសែនជ័យ ចំណែកកូនប្រសាដែលគេតែងតែឃើញស្លៀកពាក់ឯកសណ្ឋាន ថ្នាក់វរសេនីយ៍ឯក ឪពុកក្មេក(អឹម សំអុល)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ យ៉ង់ ចាន់រ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនច្បាស់លាស់ មានទីលំនៅភូមិបោសគរ ឃុំតាលោ ស្រុកតាលោសែនជ័យ ។

 លោក ឧត្ដមសេនីយ៍ត្រី ស្នងការរង បញ្ជាក់អំពីរបាយការណ៍ដដែលទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ជាការអនុវត្តន៍បណ្កឹងរបស់ប្រជាពលរដ្ឋចំនួន៤នាក់ ទី-១ ឈ្មោះ នូវ ពន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ទី-២ ឈ្មោះ ម៉ី ពៅ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាព្រាត ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ទី-៣ ឈ្មោះ ណន សុផា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ និងទី-៤ ឈ្មោះ សៀន សំអាត ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 លោក ស្នងការរងបញ្ជាក់អំពីរបាយណ៍ដដែលទៀតថា ប្រជាពលរដ្ឋទាំងចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ ឪពុកក្មេក និងកូនប្រសារ(អឹម សំអុល និងយ៉ង់ ចាន់រ៉ា)បានប្រាប់ពួកគាត់មានក្រុមហ៊ុនជប៉ុនមួយត្រូវការពលករមានប្រាក់ខែខ្ពស់ ប៉ុន្តែទាល់តែទិញសំបុត្រយន្តហោះ និងធ្វើប៉ាស្ព័ររៀងៗខ្លួន ត្រូវចំណាយប្រាក់ប្រមាណចំនួន៣.៨០០ដុល្លារអាមេរិក ទៅចំនួន៥.៥០០ដុល្លារអាមេរិក ក្នុងចំណោមម្ចាស់បណ្ដឹងចំនួន៤នាក់ និងជនរងគ្រោះម្នាក់ផ្សេងទៀត សរុបទឹកប្រាក់ចំនួន២២.៣០០ដុល្លារអាមេរិករហូតដល់ថ្ងៃនេះគ្មានលទ្ធផលអ្វីនោះទេ ទើបសម្រេចនាំគ្នាមកដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចចាត់ការកុំឲ្យមានអ្នករងគ្រោះបន្តទៀត ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖