ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបៃឌិន ស្នើពលរដ្ឋអាមេរិកចាកចេញពីប្រទេសអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកបៃឌិន នៅថ្ងៃទី៧ខែកុម្ភៈបានស្នើដល់ពលរដ្ឋអាមេរិកចាកចេញពីប្រទេសអ៊ុយក្រែន លើកលែងតែមន្ត្រីការទូត ក្នុងពេលដែលប្រទេសតំបន់អឺរ៉ុបខាងកើតកំពុងរងការគំរាមកំហែងពីប្រទេសរុស្ស៊ី។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz ក្រោយជំនួបពិភាក្សានៅសេតវិមាន ប្រធានាធិបតីបៃឌិនបានប្រកាសថា កិច្ចពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរគឺផ្តោតទៅលើការប្រឈមមុខតានតឹងនៅតាមបណ្តោយព្រំដែនប្រទេសអ៊ុយក្រែន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ទោះបីជាសហរដ្ឋអាមេរិកបាននិងកំពុងបញ្ចេញប្រតិកម្មជ្រុលឬធ្វើការព្រមានដែលលើសពីការណ៍ពិត ជុំវិញលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងរុស្ស៊ី នឹងអ៊ុយក្រែនក្តី ក៏ទីក្រុងវ៉ាស៊ីនតោននៅតែបន្តការពារគោលជំហររបស់ខ្លួនកន្លងមកនេះដដែល។
ឆ្លើយតបនឹងពាក្យរិះគន់កន្លងមកនេះ, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីនគែន (Antony Blinken) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងវ៉ាស៊ីនតោនថា «វាមិនមែនជាការព្រមានបែបជ្រុលនិយមនោះឡើយ។ ទាំងនេះគឺសុទ្ធតែជាការណ៍ពិត»។
សហរដ្ឋអាមេរិកតាំងតែពីចុងឆ្នាំ ២០២១មកម្ល៉េះ បានចាប់ផ្តើមបញ្ចេញសារព្រមានជាបន្តបន្ទាប់ អំពីលទ្ធភាពនៃការវាយប្រហារ ពីសំណាក់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ក៏ព្រោះតែការដាក់ពង្រាយកងទ័ព និងសព្វាវុធជាច្រើនរបស់រុស្ស៊ីនៅក្បែរព្រំដែនភាគខាងកើតអ៊ុយក្រែននោះតែម្តង ហើយរុស្ស៊ីក៏បានចេញមុខច្រានចោលការចោទប្រកាន់បែបនេះ ជាបន្តបន្ទាប់ផងដែរ។
លុះឈានចូលមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានអះអាងទៀតថា រុស្ស៊ីបានបង្កើនចំនួនទ័ពរហូតដល់ខ្ទង់ ១០០,០០០នាក់ បូករួមទាំងសព្វាវុធទ្រង់ទ្រាយធំបន្ថែមទៀត ដែលនាំឱ្យគេកាន់តែជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កំពុងរៀបចំផែនការវាយលុកទ្រង់ទ្រាយធំ ទៅលើអ៊ុយក្រែនយ៉ាងហោចណាស់នៅពាក់កណ្តាលខែកុម្ភៈនេះ។
យ៉ាងណាក៏ដោយ, ទាំងរុស្ស៊ី និងអ៊ុយក្រែន ដែលជាភាគីកំពុងប្រឈមមុខដាក់គ្នាផ្ទាល់សុទ្ធតែបានណែនាំគ្រប់គ្នាមិនឱ្យមានការភ័យខ្លាច និងវិភាគជ្រុលហួសអំពីស្ថានការណ៍ជាក់ស្តែងនោះឡើយ។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) ថែមទាំងបានព្រលយពាក្យមួយឃ្លាទៀតថា «សូមកុំជឿការព្យាករបែបអន្តរាយទាំងអស់នោះ»៕ ដោយ៖ សាធី

រូបថត៖AFP/VNA


ចែករំលែក៖