ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលា ការបញ្ជ្រាបការយល់ដឹង អំពីសៀវភៅផែនការប្រឆាំងភេវរកម្ម ជូនដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់អោយដឹងថា, លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងនឹងភេរវកម្ម សហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបសិក្ខាសាលា ដើម្បី បញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការប្រឆាំងភេវរកម្ម ជូនដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកបណ្ឌិត ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងនឹងភេរវកម្ម ។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើននាក់ ផងដែរ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ព្រោះនឹងផ្តល់ចំណេះដឹងថ្មីបន្ថែមទៀត ជូនដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ ។ ពីព្រោះថា សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជាស្ថាបនិកនយោបាយ «ឈ្នះ-ឈ្នះ» និងជាស្ថាបនិក «សន្តិភាពរបស់កម្ពុជា» ។  លោក អ៊ុន ចាន់ដា មានប្រសាសន៍លើកឡើងដែរថា ក្នុងបរិបទថ្មីនៃការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។ យ៉ាងណាមិញ មកដល់ពេលនេះ ប្រជាពលរដ្ឋខេត្តកំពង់ចាម ៩០ភាគរយ បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ និងបានទទួលចាក់ដូសជម្រុញ ទី៣ និងទី៤ បន្ថែមទៀត ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយបងប្អូនប្រជាពលរដ្ឋ បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមដំបូល នៃសុខសន្តិភាព ខេត្តកំពង់ចាម រក្សាបាននូវរបៀបរៀបរយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ។ ដែលជាលទ្ធផល បានបញ្ជាក់ឱ្យឃើញថា ក្នុងឆ្នាំ២០២១កន្លងទៅ សភាពការណ៍បទល្មើសកើតឡើង ចំនួន ៤១លើក ថយចុះ ៣លើក ស្នើនឹង៧% បើប្រៀបធៀបឆ្នាំ២០២០ ដោយបង្ក្រាបបាន ៤១លើក ស្មើនឹង ១០០% នៃបទល្មើសដែលកើតឡើង និងឃាត់ខ្លួន ៦៥នាក់ ។ ជារួម បទល្មើសព្រហ្មទណ្ឌកើតឡើង ៣៣លើក កើនឡើង ១លើក ស្នើ៣% ប្រៀបធៀបឆ្នាំ២០២០ ក្នុងនោះបង្ក្រាបជាក់ស្ដែងបាន ២៨លើក និងបង្ក្រាបតាមការស្រាវជ្រាវ បាន ០៤លើក ឃាត់ខ្លួនសរុប ៥៥នាក់ ។

 ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងនឹងភេរវកម្ម ដែលបានរៀបចំសិក្ខាសាលា ដើម្បី បញ្ជ្រាបចំណេះដឹងជូនដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅថ្នាក់ក្រោមជាតិ បានយល់ដឹងអំពីចរិតលក្ខណៈ ទម្រង់ សកម្មភាពនានា ពាក់ព័ន្ធក្រុមភេរវកម្មអន្តរជាតិ រួមនឹងផែនការជាតិប្រឆាំងនឹងភារវកម្ម សំដៅទប់ស្កាត់ការគំរាមកំហែង ឬការជ្រៀតចូល នៃសកម្មភាព ឬក្រុមភេរវកម្មនានា ចំពោះ ប្រទេសកម្ពុជា ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖