ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់មិនធ្លាប់មាននៅក្នុងប្រទេសវៀតណាម

ចែករំលែក៖

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី ៨ខែកុម្ភៈបានកើនឡើងរហូតដល់ទៅជិត២២ពាន់នាក់ គឺកើនឡើងជាង៥ពាន់នាក់បើប្រៀបធៀបនឹងថ្ងៃទី៧ខែកុម្ភៈ ។ ទីក្រុងហាណូយនៅតែជាតំបន់មានករណីឆ្លងកូវីដ -១៩កើនឡើងខ្ពស់ជាងគេ ហើយ ជាមួយគ្នានេះក៏មានអ្នកស្លាប់ ៩៧នាក់ផងដែរ។
គិតចាប់ពីម៉ោង១៦ថ្ងៃទី៧ខែកុម្ភៈ រហូតដល់ម៉ោង១៦ថ្ងៃទី៨ខែកុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩រហូតដល់ទៅ ២១.៩០៩នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅ៨នាក់ ។ នេះជាករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសវៀតណាម ។ ករណីឆ្លងកើនឡើងខ្ពស់ក្រោយការឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីវៀតណាមនាពេលកន្លងមក។
សរុបមកទល់ពេលនេះវៀតណាមមានករណីឆ្លងកូវីដ-១៩ជាង២,៣៨លានឈរលំដាប់ទី៣៤ក្នុងចំណោម២២៥ប្រទេសនិងដែនដីនៅជុំវិញពិភពលោក។ ជាមួយគ្នានេះដែរក៏មានអ្នកជំងឺ ជាង ២.១លាននាក់បានជាសះស្បើយពីជំងឺផងដែរ ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងវិញវៀតណាមចាក់បានវ៉ាក់សាំងជូនពលរដ្ឋសរុបជាង ១៨៣លានដូសហើយ ក្នុងនោះអ្នកចាក់មួយដូសជាង៧៩លានដូស និងពលរដ្ឋចាក់ពីរដូសមានជាង៧៤លាននាក់ ។ ក្រៅពីនេះក៏មានពលរដ្ឋជាង២៩ លាននាក់ហើយបានចាក់ដូសទីបី៕ ដោយ៖ សាធី

រូបថត៖TTXVN 


ចែករំលែក៖