ព័ត៌មានទាន់ហេតុការណ៍៖

តើតុលាការណាខ្លះនៅសាលាដំបូងរាជធានីភ្នំពេញ ញាំលុយលោក ឌួង ងៀប ឈានដល់គាត់ ស្រែកថាអស់លុយសូកហើយ សុខចិត្តដើរចូលគុក !

ចែករំលែក៖

ភ្នំពេញ ៖ លោក ឌួង ងៀប ស្នើសុំអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ ព្រោះទទួលរងរឿងអយុត្តិធម៌នៅសាលាដំបូងរាជធានីភ្នំពេញ ដែលតុលាការទារតែលុយគាត់រហូត គិតតែលុយៗ ដូច្នេះគាត់អស់លុយអោយហើយ  សុខចិត្តដើរចូលគុក ចេញដីកាមក គាត់មិនគេច មិនរត់ មិនអោយតុលាការត្រូវផ្ញើរដីកា តាមសមត្ថកិច្ចដើម្បីស្វែងរកគាត់ទេ។ ការថ្លែងបែបនេះ បានន័យថា, លោក ឌួង ងៀប ហែលឆ្លងស្ទើរប្រេះទ្រូងរួចទៅហើយជាមួយតុលាការ មុខលុយ ដោយការឈឺចាប់ !  ហើយបើតុលាការ ពុករលួយដូច លោក ឌួង ងៀប លើកឡើងតើ អង្គភាពប្រឆាំងអំពើពុករលួយ , ក្រសួងយុត្តិធម៌, ក្រុមប្រឹក្សានៃអង្គចៅក្រម មានវិធានការយ៉ាងណា ដើម្បីធ្វើអធិការកិច្ចវែកមុខរកមន្ត្រីតុលាការពុករលួយនោះ ? 

សូមរម្លឹកថា, លោក ឌួង ងៀប បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ដល់រូបលោក ដោយសារតែលោក កំពុងជួបរឿងអយុត្តិធម៌នៅសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមផេករបស់លោក ឌួង ងៀប បង្ហោះវីដេអូរៀបរាប់នៅយប់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ 

លោក ឌួង ងៀប បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំអស់លុយអោយទៀតហើយ ខ្ញុំទៅតុលាការម្ដង ចំណាយលុយម្ដង ៗ គេចែកគ្នា គេចិញ្រ្ចាំខ្ញុំតែម្ដង ដែលខ្ញុំអត់ខុសសោះ ខ្ញុំត្រូវចំណាយលុយ ។ 

លោក ឌួង ងៀប បានលើកដៃទាំងទ្វេរសំពះសុំការអន្តរាគមន៍ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយនិយាយថា, សុំអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមជួយអន្តរាគមន៍ទៅតុលាការកំពូល ដើម្បីចុះមកអធិការកិច្ចនៅតុលាការរាជធានីភ្នំពេញ ដោយសារប្រែពីសទៅខ្មៅ ចោទប្រកាន់រូបខ្ញុំបាទថា, បានជាប់ចោទ បោកជនជាតិចិន ខ្ញុំបានរកស៊ី ជាមួយជនជាតិចិន ដែលជាអ្នករាប់អានជាមួយខ្ញុំ ការរកស៊ីនេះ ខ្ញុំមានដី ហើយចិននេះបាននិយាយជាមួយខ្ញុំ លួងលោមខ្ញុំថា, ពេលណាសាងសង់រោងចក្រលើដីរបស់ខ្ញុំបាទ ចំនួន 3 កន្លែង ហើយគេនឹងដាក់ទុនសាងសង់ នៅបុរីទួលពង្រ ឌួងងៀប ដោយគេពោលពាក្យថា, ជួយចេញសែក ដើម្បីឱ្យគេទុកយកទៅឱ្យដៃគូរបស់គេ បញ្ជាក់ថាគេមានលុយ ដើម្បីយកលុយនោះមកវិនិយោគ។ 

សូមជម្រាបជូនថា, វីដេអូឃ្លីបដែលលោក ឌួងងៀប បានស្នើសុំអន្តរាគមន៍ទៅសម្តេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត មានរយៈពេលប្រមាណជាង ម្ភៃនាទី បកស្រាយពីរឿងវិនិយោគរបស់ខ្លួនជាមួយជនជាតិចិន និងការគាបសង្កត់អំពើពុករលួយរបស់តុលាការរាជធានីភ្នំពេញ។ នៅក្នុងនោះសូម្បីតែលោកស្រី ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះនៅលើ facebook ផ្ទាល់ខ្លួនរបស់គាត់ ដោយចង់បញ្ជាក់ថា, តើតុលាការមួយណាដែលប្រព្រឹត្តអំពើពុករលួយ ធ្វើឱ្យមនុស្សភ័យខ្លាច និងសុខចិត្តដើរចូលគុកដោយគ្មានញញើត ខណ:អស់ទ្រព្យសម្បត្តិពីខ្លួនរលីងយ៉ាងនេះ ។ 

ដូច្នេះដើម្បីដឹងរឿងច្បាស់សូមមេត្តាតាមដានលើផេកផ្ទាល់ខ្លួនរបស់លោកដួងងៀប ក៏ដូចជាលើហ្វេសប៊ុកលោកស្រី ហ៊ុនស៊ីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នោះនឹងបានដឹងការពិតពីការថ្លែងរបស់លោក ឌួងងៀប តើត្រូវបានបកស្រាយយ៉ាងដូចម្ដេចខ្លះនោះ ។

សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ឯក ឌួង ងៀប មានតួនាទីជា អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ ។ បើលោកមានតួនាទីក្នុងស្ថាប័នរដ្ឋ ឋានៈប៉ុននេះទៅហើយ នៅរងអំពើអយុត្តិធម៌ ចុះបើប្រជាពលរដ្ឋសាមញ្ញធម្មតាវិញ តើអាចទទួលបានភាពយុត្តិធម៌គ្នាទេចំពោះមុខច្បាប់ ស្របពេលដែលប្រទេសកម្ពុជាកំពុងគ្រប់គ្រងដោយច្បាប់ ឬមួយក៏អំពើពុករលួយដោយមន្ត្រីតុលាការ កើតឡើងដោយបុគ្គលតិចតួចបំផុត ? ដែលត្រូវតែបោសសំអាត ដើម្បីជៀសវាងនូវអំពើអយុត្តិធម៌ក្នុងសង្គមកើតឡើងសាយភាយជាវប្បធម៌ពុករលួយ ទម្លាប់អាក្រក់ក្នុងសង្គម របស់យើង ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖