ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

* កិច្ចគួរសមតាមផ្លូវ :

  នៅតាមផ្លូវបើមានជនណាមួយដែលយើងមិនស្គាល់សោះមកសួរដណ្ដឹងយើងពីការងារផ្សេងៗ  ប្រសិនបើនៅទីប្រជុំសាធារណ: នៅលើយានជំនិះជាមួយនឹងយើងនោះ អ្នកនៅជិតខាងយើងនិយាយគ្នាក្តី  និយាយមករកយើងក្តី យើងអាចនឹងឆ្លើយឆ្លងទៅបានដោយពុំបាច់ប្រាប់ឈ្មោះនាមយើងឲ្យស្គាល់ឡើយ។

  ប៉ុន្តែបើយើងជួបប្រទះនិងជនណាម្នាក់ដែលមិនស្គាល់ ហើយដែលយើងស្មានថាជននោះនឹងមានទាក់ទងក្នុងសមាគមយើងនិងពួកគណៈយើងក្នុងរបរជីវ:យើងទៅអនាគតនោះ ដំណើរទទួលស្គាល់ក៏ត្រូវតែប្រាប់នាមជាការជៀសពុំរួចដោយជាប្រយោជន៍របស់យើង។

  ក្នុងកិច្ចគារវៈចំពោះជនពីរនាក់ដែលមិនស្គាល់គ្នា ហើយមានគេនាំឲ្យស្គាល់នោះ នៅគ្រាដែលគោរពចាប់ដៃគំនាប់គ្នាដំបូង ត្រូវប្រាប់ឈ្មោះគ្នាទៅវិញទៅមក (តាមទម្លាប់ប្រទេសអឺរ៉ុប)តាមបែបផែនដូចមានតទៅ:

 បុរសប្រាប់តែគោត្តនាម បើចង់ប្រាប់នាមខ្លួនផង លុះត្រាតែជាការខានមិនបាន ព្រោះប្រទេសអឺរ៉ុបច្រើនច្រឡំនាមខ្លួន បើគោត្តនាមមិនច្រឡំទេ។ដូចជាឈ្មោះ ហ្សង់ ប៉ូល ពីរយុរ..។ល។នេះឃើញថា ដូចៗគ្នា តែបើរាប់គោត្តនាមវិញឃើញខុសៗគ្នា។

  ស្ត្រីមានប្ដីត្រូវប្រាប់ឈ្មោះប្ដីគេគេតែងដាក់ពាក្យអ្នកស្រីពីមុខគោត្តនាមប្ដីគេដើម្បីដឹងថាគេមានប្ដីហើយ។

  ស្រីក្រមុំ ត្រូវប្រាប់តែនាមខ្លួនបានហើយ បើជាគ្រូពេទ្យត្រូវដាក់ងារការនៅមុខគោត្តនាម បើជាទាហានត្រូវដាក់យសស័ក្តិនៅមុខគោត្តនាម តែរបៀបនេះក៏មិនជាសំខាន់ប៉ុន្មានទេ។

  ឯទម្លាប់ទំនៀមខ្មែរយើង ដែលធ្វើគារវកិច្ចទៅមករកគ្នា ដោយកិរិយាថ្វាយបង្គំ សំពះនោះ ពុំបាច់ប្រាប់គោត្តនាមឬនាមគ្នាឡើយ។បើចង់ស្គាល់លោកអ្នកធំឬលោកអ្នកដែលមានអាយុច្រើនអាចនឹងសួរដណ្ដឹងតាមការ ការគួរសមថា ម្នាក់នេះឈ្មោះអ្វី?នៅឯណា? ធ្វើការរកស៊ីអ្វី?យ៉ាងនេះជាដើម។

  មិត្តយើងពីរនាក់មិនស្គាល់គ្នាជួនជាជួបគ្នា នៅចំពោះមុខយើងនៅផ្លូវតែម្នាក់ ដើរជាមួយនឹងយើងនោះ យើងគប្បីតែធ្វើគារវកិច្ចដោយបើកមួក ឬងក់ក្បាល ឬសំពះ ឬចាប់ដៃនិយាយគួរសម សួរសុខទុក្ខមួយម៉ាត់ពីម៉ាត់ ពុំចាំបាច់នាំអ្នកទាំងពីរឲ្យស្គាល់គ្នាទេ។ ឯអ្នកដែលដើរជាមួយនឹងយើង មិនត្រូវចូលនិយាយជាមួយផងទេ ត្រូវតែដើរឲ្យឃ្លាតឆ្ងាយបន្តិចទៅទើបគួរ ។(នៅមានត)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖