ខេត្តកំពង់ឆ្នាំង ៖ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកទឹកផុស នៅរសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន ផាន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវ:លើស្រ្តីម្នាក់តាមពាក្យបណ្តឹងក្រុមគ្រួសារជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទី ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបានឡើងនៅលើផ្ទះរបស់ឈ្មោះ អ.ល អាយុ៥១ឆ្នាំ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយបានចាប់ស្រ្តីឈ្មោះអ.ល ជាកូនម្ចាស់ផ្ទះរំលោភសេពសន្ថវ: ។ ពេលនោះឈ្មោះ អ.ល បានរើបម្រាស់ធ្វើឲ្យមានការប្រតាយប្រតប់គ្នាធ្វើឲ្យជនរងគ្រោះស្រែកខ្លាំងៗ ហើយគាប់ជួនអ្នកជិតខាងឈ្មោះ អៀង តុប បានឮ ក៏ទៅជួយ ទើបជនសង្ស័យបានបញ្ឈប់សកម្មភាព។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងនគរបាលជំនាញស្រុកទឹកផុសបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នាំយកមកអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ខណ:ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តអំពើពុំគប្បីដូចការចោទប្រកាន់របស់ដើមបណ្ដឹងប្រាកដមែន៕
ដោយ ៖ ប្រាថ្នា