ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស៊ីជាមួយគ្នាប៉ះចំស្រាកាចប្រើហិង្សាយកដំបងវាយបុរសម្នាក់រងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាគ្រូបង្រៀនម្នាក់ក្នុងករណីហិង្សាដោយចេតនាដោយយកដំបងវាយទៅលើជនរងគ្រោះដែលកំពុងផឹកស៊ីជាមួយគ្នាក្រោយស្រវឹងស្រាទំនាស់ពាក្យសំដីគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២២នៅចំណុចភូមិទួលសាលា ឃុំជ្រុងពពេល  ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យ មានឈ្មោះ កែវ សារិទ្ធ អាយុ៤៧ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិទួលសាលា ឃុំជ្រុងពពេល  ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ ឈី សុណាត អាយុ ៣៦ឆ្នាំ មុខរបរកសិកររស់នៅភូមិទួលសាលា ឃុំជ្រុងពពេល  ស្រុករំដួល ខេត្តស្វាយរៀងខណៈរងរបួសបែកចញ្ចើម។

ប្រភពអ្នកភូមិ បានអោយដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះនិងជនសង្ស័យបានអង្គុយលេងផឹកស៊ីជាមួយគ្នារហូតដល់វេលាម៉ោង៧យប់ស្រាប់តែស្រវឹងស្រាក៏មានជម្លោះពាក្យសំដីយ៉ាងខ្លាំងក៏ឈានដល់ប្រើហិង្សាជនសង្ស័យស្ទុះទៅយកដំបងវាយទៅលើជនរងគ្រោះទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានឈានទៅរកការឃាត់ខ្លួនមកសាកសួរតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍នគរបាលជ្រុងពពេល ឃាត់ខ្លួនជនសង្ស័យជាគ្រូបង្រៀនដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖