ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរវាយប្លន់យកម៉ូតូ០៤នាក់​ ក្នុងចំណោមបក្ខពួក០៦នាក់​ ត្រូវកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលព្រហ្មទណ្ឌដង្កោ​ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ ដែលជាអធិការខណ្ឌ​បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់​ ក្នុងចំណោមបក្ខពួក០៦នាក់ជាបន្តបន្ទាប់​នៅព្រឹកថ្ងៃទី៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ដែលពួកគេបានធ្លាក់ផ្ដួកយកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហើយរត់គេចខ្លួន កាលពីវេលាម៉ោង០៣និង១៥នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ 

  សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្តឹង ខេត្តកណ្តាល ។  រីឯជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន​ ៖​ ទី០១​ ឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ,​ទី០២ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ,​ ទី០៣ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ,ទី០៤ឈ្មោះ គ្រីស ឈិតវិសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។ 

    លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការខណ្ឌដង្កោ​បានបញ្ចាក់ថា  កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល 1AK-5045 ឌុបប្រពន្ធចេញពីផ្ទះ ស្ថិតនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅទិញត្រីនៅផ្សារតាខ្មៅ ខេត្តកណ្តាល យកមកលក់ដូរនៅភូមិបាគូ ឃុំបាគូ ខាងលើ ។ ពេលជនរងគ្រោះបើកម៉ូតូឌុបប្រពន្ធតាមផ្លូវជាតិលេខ២ ដល់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យដែលមានគ្នា៦នាក់  បានជិះម៉ូតូ៣គ្រឿង (ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅចំនួន០១គ្រឿង និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅចំនួន០២គ្រឿង) ឌុបគ្នា ។ ពេលនោះជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108 ឌុបជនសង្ស័យឈ្មោះ គ្រីស ឈិតវិសាល ទៅអែបខាងស្តាំដៃរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះផ្តួល រួចជនសង្ស័យឈ្មោះ គ្រីស ឈិត វិសាល បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះបើកគេចខ្លួនបាត់ស្រមោល។ 

    ក្រោយមក​ ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរ​ និងចាត់ការតាមនីតិវិធី​ ។ 

    លុះដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី ជនសង្ស័យខាងលើបានប្រមូលផ្តុំ គ្នានៅចំណុចក្បែរបុរីជីបម៉ុង លើផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ហើយកម្លាំងសមត្ថកិច្ចដែលកំពុងជិះល្បាតតាមផ្លូវ៦០ម៉ែត្រ បានឃើញក្រុមជនសង្ស័យក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ រួមនិងវត្ថុតាង ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1IR-7215 ១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ។​ បន្ទាប់មកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបក្ខពួកបានម្នាក់ទៀតឈ្មោះ គុជ រ៉ាយុទ្ធ ត្រង់ចំណុចផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ប៉ុន្តែនៅពេលសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ នោះ សមត្ថកិច្ចយើងពុំបានដកហូតវត្ថុតាងជាមធ្យោបាយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108 ដែលជិះធ្វើសកម្មភាពនោះទេ ដោយសារក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានធ្វើការរារាំង និងថតសកម្មភាពរបស់សមត្ថកិច្ចថែមទៀតផង ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូកៀរ ធាក់ផ្តួលប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ 

    វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IR-7215 ចំនួន០១គ្រឿង ។ 

    បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង០៤នាក់ខាងលើកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖