រដ្ឋសភាកូរ៉េខាងត្បូង នៅថ្ងៃទី ៩ខែកុម្ភៈ បានបើកកិច្ចប្រជុំស្វែងរកវិធីសាស្ត្រដើម្បីឱ្យអ្នកឆ្លងកូវីដ-១៩ អាចទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីបាននៅខែក្រោយ។
កូរ៉េខាងត្បូងនឹងបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៩ខែមីនាឆ្នាំ២០២២ ប៉ុន្តែប្រទេសនេះមានក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត ក្រោយករណីឆ្លងកើនឡើងក្នុងប្រទេសនេះ។ ករណីឆ្លងប្រចាំថ្ងៃនៅកូរ៉េខាងត្បូង បានកើនឡើងដល់ជិត៥០,០០០នាក់ជាលើកដំបូង។
ប្រទេសកូរ៉េខាងត្បូង នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោក មូន ជេអ៉ីន នៅថ្ងៃទី០៩ ខែមីនា ប៉ុន្តែការកើនឡើងយ៉ាងខ្លាំងក្លានៃករណីឆ្លង COVID-19 កំពុងបង្កជាក្តីព្រួយបារម្ភ។ សភាកូរ៉េខាងត្បូងកំពុងពិចារណាលើការកែសម្រួលច្បាប់បោះឆ្នោត ដែលនឹងអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 អាចទៅបោះឆ្នោតដោយផ្ទាល់បាននៅក្រោយម៉ោង៦ល្ងាច។
ជាមួយគ្នានេះ ខាងគណបក្សកាន់អំណាចក៏បានអំពាវនាវឱ្យមានរៀបចំការបោះឆ្នោតតាមប្រៃសណីយ៍សម្រាប់អ្នកជំងឺទាំងនោះផងដែរ ស្របពេលដែលខាងគណបក្សប្រឆាំងបានឱ្យយោបល់រៀបចំជាមណ្ឌលបោះឆ្នោតពិសេសសម្រាប់ពួកគេ។
ករណីឆ្លង COVID-19 ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូងបានកើនដល់៤៩,៥៦៧នាក់ កាលពីថ្ងៃ៨ខែកុម្ភៈ ដែលជាកំណត់ត្រាថ្មី ហើយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ KDCA បានព្យាករថា វាអាចនឹងបន្តលោតដល់១៧០,០០០នាក់ ក្នុងខែកុម្ភៈនេះ។ ជាមួយប្រជាជនសរុប ប្រហែល៥២លាននាក់ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងសរុបទាំងអស់ចំនួន១.១៣លាននាក់ និងស្លាប់ជិត៧,០០០នាក់ ហើយ៩៦ភាគរយនៃប្រជាជនពេញវ័យបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ខណៈដែល៦៤ភាគរយបានចាក់ដូសជំរុញ៕ ដោយ៖ សាធី
រូបថត៖TTXVN