ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀប ចំកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារ ដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបានក្នុង ឆ្នាំ២០២១ នឹងដាក់ចេញនូវទិស ដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២២ ដែលពិធីដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឲ្យដឹងថា លទ្ធផលសំខាន់ៗដែល សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងឆ្នាំ២០២១ មានជាអាទិ៍ បានទៅបើកប្រាក់ បេឡាមរណៈសង្គ្រោះជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន ដល់លំនៅឋាននៃសពបានចំនួន ៧៣សព ស្មើនឹងថវិកា២៩២លានរៀល។ សាងសង់ផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះ ខាតបានចំនួន១៦៣ ខ្នងផ្ទះ ក្នុងនោះសាងសង់នៅតាមមូល ដ្ឋាននានាចំនួន២២ខ្នង និងសាងសង់ ផ្ទះលើដីសម្បទានសង្គមកិច្ចបានចំនួន១៤១ ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្នុងឆ្នាំ២០២១កន្លងទៅនេះលោកបានដឹកនាំសហការីទៅសំណេះ សំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនបានចំនួន២៦១ លើក ស្មើនឹង ១.៦០២គ្រួសារ និងបាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត និងលោកស្រី ព្រមទាំងសប្បុរស ជនមួយចំនួនទៅជួយឧបត្ថម្ភស្បៀង អាហារនិងថវិកាជូនអតីតយុទ្ធជន ដែលមាន ជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំកន្លងទៅនេះ មានថវិកាចំនួន១០៣,១១៩,០០០ រៀល.អង្ករចំនួន៣២.៨៦០គីឡូក្រាម,មីចំនួន១.៩៥១កេសនិងគ្រឿងឧបភោគ បរិភោគមួយ ចំនួនទៀត ។
ជាមួយនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានលើកឡើងនូវទិសដៅមួយចំនួនសម្រាប់ អនុវត្តបន្តនៅឆ្នាំ២០២២ ខាងមុខនេះផងដែរ ។
ទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តកំពង់ធំ និង គណៈកម្មា ធិការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ ថ្នាក់ ព្រមទាំងអាជ្ញាធរដែនដី ដែលបានយកចិត្ត ទុកដាក់ជួយដោះស្រាយការលំបាកដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ។
នាយឧត្តមសេនីយ៍ គន់ គីម បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងគណៈកម្មការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការមើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះត្រូវ ពង្រឹងស្ថាប័នមន្ទីរ.អង្គភាពនានា ដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជន ដែលកំពុង រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបង្កលក្ខណៈងាយ ស្រួលក្នុងការជួយដោះស្រាយជីវភាពបងប្អូនឲ្យកាន់តែមានភាពប្រសើរឡើង៕
ដោយ៖ សូរិយា