ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសអន្តរក្រសួង ស្ដីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ ប្រកាសអន្តរក្រសួង ស្ដីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍គឺឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្រេច : 

ប្រការ១ …អនុញ្ញាតឱ្យអនុវត្តនូវគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ ដែលមានដូចខាងក្រោម៖

-បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមាន សកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្ត កំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែតសម្រាប់ឆមាសទី១ ឆ្នាំ២០២២ ។ ករណីមានបំណុល សល់មុនវិបត្តិនៃជំងឺកូវីដ-១៩ ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តដទៃ ទៀត ត្រូវពន្យារពេលការចុះធ្វើសវនកម្មនៅក្នុងឆ្នាំ២០២១។ អាជីវកម្មទាំងនេះនៅតែមាន កាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រង អាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។

– បន្តលើកលែងការបង់ពន្ធប៉ាតង់ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុង វិស័យទេសចរណ៍ដទៃទៀតសម្រាប់ឆ្នាំ២០២២។ អ្នកជាប់ពន្ធទាំងនេះមានកាតព្វកិច្ចត្រូវ ធ្វើបច្ចុប្បន្នភាពប៉ាតង់។

– លើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ចំពោះ អាជ្ញាបណ្ណទេសចរណ៍ដែលស្ថិតក្នុងសុពលភាព។ អាជីវកម្មទេសចរណ៍គ្រប់ប្រភេទនៅតែ មានកាតព្វកិច្ចដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬរដ្ឋបាល រាជធានី ខេត្ត ឬរដ្ឋបាលក្រុង ស្រុក ខណ្ឌ (ទៅតាមប្រភេទនិងទំហំអាជីវកម្មទេសចរណ៍ ដែលក្រសួងទេសចរណ៍បានធ្វើប្រតិភូកម្មកន្លងមក ក្នុងអំឡុងពេលនៃការលើកលែង នេះ ។

-បន្តសុពលភាពនៃការអនុវត្តសេចក្តីជូនដំណឹង ស្តីពីការអនុវត្តគោលនយោបាយលើកទឹក ចិត្តនៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ប្រការ២…បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣ …អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាព ពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួង នេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖