ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ថា, នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបប្រជុំការងារជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា។
នៅក្នុងជំនួបការងារនោះ ក៏មានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំគណៈកម្មការដទៃទៀតរបស់ព្រឹទ្ធសភា និងថ្នាក់ដឹកនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនគណៈកម្មការអំពី “គោលនយោបាយ ការបរទេសកម្ពុជាក្នុងស្ថានភាពពិភពលោកដែលប្រែប្រួលយ៉ាងឆាប់រហ័ស មិនប្រាកដប្រជា និង ប្រកបដោយគ្រោះថ្នាក់» ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តោតទៅលើការប្រកួតប្រជែង ជាយុទ្ធសាស្ត្រដែលតំបន់ និងពិភពលោកកំពុងជួបប្រទះ រួមទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ ទិសដៅគោលនយោបាយការបរទេស និងការទូតរបស់កម្ពុជា ភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដំណើរការកំណែទម្រង់នៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រឹង ប្រសិទ្ធភាពការងារផ្នែកកិច្ចការបរទេស។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងការអនុវត្ត ការងារសំខាន់ៗទាំង៥របស់ក្រសួង រួមមាន ការងារធំទី១៖ ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ការងារធំទី២៖ការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាព បត់បែន វាងវៃ តបតទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរបស់មហាអំណាច ការងារធំទី៣៖ ការចូលរួមចំណែកកាន់តែសកម្មថែមទៀតដល់បុព្វហេតុសន្តិភាព និងស្ថិរភាព និង ការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានានៃពិភពលោក ការងារធំទី៤៖ ការអនុវត្តការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ និង ការងារធំទី៥៖កំណែទម្រង់ផ្ទៃក្នុង ដើម្បីគាំទ និងលើកកម្ពស់ប្រសិទ្ធិភាពការងារការទូត។
ខណៈពេលជម្រាបជូនអំពីភាពជាប្រធានអាស៊ានរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថា «ឆ្នាំ២០២២នេះ កម្ពុជាទទួលយកតួនាទីជាប្រធានប្តូរវេនអាស៊ានក្នុងបរិការណ៍ដែល តំបន់របស់យើងកំពុងរងនឹងសម្ពាធចម្រុះជ្រុង និងក្នុងកម្រិតមិនធ្លាប់មាន ចាប់តាំងពីប្រទេសយើងបានក្លាយជាសមាជិកនៃអង្គការនេះជិត ២៣ឆ្នាំមក។ បន្ថែមពីលើសម្ពាធ និងការប្រឈមបណ្តាល មកពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងដ៏តានតឹងបំផុត បន្ទាប់ពីការបញ្ចប់ នៃសង្គ្រាមត្រជាក់រវាងមហាអំណាចធំជាងគេនៃពិភពលោក និងវិបត្តិតំបន់កាន់តែជ្រៅទៅៗ ដូចបាន រៀបរាប់ខាងលើនេះ អាស៊ានក៏កំពុងតែប្រឈមនឹងបញ្ហាផ្ទៃក្នុង និងបញ្ហាស្ថាប័នដ៏លំបាកផងដែរ»។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “ការប្រឈមដូចរៀបរាប់ខាងលើនេះ បានបង្កសម្ពាធ មកលើអាស៊ាននាំឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការកសាងសហគមន៍ ប៉ះពាល់ដល់ការរក្សា និង ពង្រឹងមជ្ឈភាពរបស់អាស៊ាន ពិសេសក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ វាក៏ប៉ះពាល់ ដល់ឯកភាព សាមគ្គីភាព ភាពធន់របស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការងារសមាហរណកម្ម និងការពង្រីកដៃគូខាងក្រៅជាដើម»។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា “ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ យើង បានជ្រើសរើសនូវមូលបទដែលមានខ្លឹមសារថា “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង អស់គ្នា» (ASEAN A.C.T: Addressing Challenges. Together)។ គោលគំនិតចំបងគឺដើម្បី បង្ហាញពីសារសំខាន់នៃស្មារតីរបស់អាស៊ានក្នុងនាមគ្រួសារដែលមានសមាជិក១០ប្រទេសរួបរួមគ្ន ដោយស្មារតីរឹងមាំ និងធ្វើសកម្មភាពរួមដើម្បីសម្រេចបាននូវគោលដៅរួម។ ពាក្យ «ទាំងអស់គ្នា» គឺ យើងចង់សង្កត់ធ្ងន់លើមជ្ឈភាពអាស៊ាន ការឯកភាព និងសាមគ្គីភាពក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងតំបន់ និងបង្កើនការរួមចំណែករបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការ អភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក»។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “ខ្ញុំក៏សូមបញ្ជាក់ដែរថា យើងគាំទ្រជានិច្ចការឯកភាព គ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក ប៉ុន្តែយើងមិនគាំទ្រការឯកភាពគ្នា ណាមួយ សម្រាប់ការប្រឈមមុខដាក់គ្នា ប្រឆាំងគ្នានោះឡើយ។ យើងនឹងខិតខំផ្ដោតលើបញ្ហាដែល បង្រួបបង្រួមយើងទាំងអស់គ្នា ជាជាងផ្ដោតលើបញ្ហាដែលជំរុញការបែងចែកគ្នា»។
បន្ទាប់ពីបានជម្រាបជូនគណៈកម្មការអំពីអាទិភាពនានានៅក្នុងសរសរស្ដម្ភទាំងបីនៃសហគមន៍ អាស៊ានរួច លោក ប្រាក់ សុខុន ក៏បានលើកឡើងអំពីវិបត្តិនៅមីយ៉ាន់ម៉ា និងអំពីដំណើរទស្សនកិច្ច ការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់អំពីគោលបំណងចម្បង និងលទ្ធផលប្រកបដោយផ្លែផ្កា នៃបេសកកម្មដើម្បី “បំបែកភាពជាប់គាំង» នេះ៕
ដោយ ៖ សិលា