ខេត្តព្រៃវែង៖ ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានគូសបញ្ជាក់ថា ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍប្រទេសជាតិ ត្រូវការធាតុផ្សំចំនួនពីរសំខាន់ទី១ គឺធនធានមនុស្ស ទី២គឺការដឹកនាំ ដោយជាក់ស្តែងគិតមកដល់ពេលនេះ ដូចអ្វីដែលបានឃើញ គឺការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់ពីអាណត្តិមុនរហូតមកដល់បច្ចុប្បន្ន ដែលបានដើលើផ្លូវត្រូវ មានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបញ្ជាក់ទៀតថា ដើម្បីឱ្យការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋគ្រប់រូប ក៏គប្បីគិតគូរពីកត្តាសុខភាពជាចំបង។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿឧបាយកលញុះញង់ ពីក្រុមជនអគតិមួយចំនួនតូច ដែលប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាព ដោយប្រើគ្រប់មធ្យោបាយ អូសទាញកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបមួយដែលគ្រប់គ្នាមិនប្រថ្នាចង់បាន។
សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៤៣,៨០២នាក់ ស្មើ១៤លើក ក្នុងក្រុង ស្រុក ចំនួន៨ នៃខេត្តព្រៃវែង។ សម្រាប់លើកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានបន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ២.០០០នាក់ ដោយផ្ដោតលើជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ឬសដូងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ដង្កូវព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក វាស់ភ្នែក ចែកវែនតា សុខភាពមាត់ធ្មេញ ទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក តម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស…។ល។
ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែល បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងបណ្ដាខេត្តផ្សេងៗជាបន្តទៀត ក្នុងនោះក៏មានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យផងដែរ៕