ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ សមត្ថកិច្ចខណ្ឌទួលគោកធ្វើកិច្ចសន្យាអប់រំដល់ក្មេងប្រុស០៣នាក់ដោយទំនាស់វាយគ្នាទៅវិញទៅមកនៅខាងមុខវិទ្យាល័យជា ស៊ីមសន្ធរម៉ុកដោយមិនបង្ករបួសស្នាម ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងប្រហែល១៧:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ក្មេងប្រុស០៣នាក់ ករណីវាយគ្នាទៅវិញទៅមក ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ផ្លូវលេខ១២៨ ក្រុមទី២ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១។
ក្រោយពីសាកសួរគឺពួកគេធ្លាប់ស្គាល់គ្នាដោយ ក្មេងប្រុសទាំង០២ក្រុមសំណូមពរសមត្ថកិច្ចមិនធ្វើការប្ដឹងចោទប្រកាន់គ្នាទៅវិញទៅមកនោះទេដោយមូលហេតុជាការយល់ច្រឡំគ្នាម្យ៉ាងវិញទៀតភាគីទាំង០២ក៏គ្មានរបួសទាំងសងខាងនោះឡើយ សមត្ថកិច្ចបានឲ្យអាណាព្យាបាលមកធ្វើការធានាយកទៅផ្ទះវិញរៀងៗខ្លួន ។
១-ឈ្មោះ ខាន់ ចិន្តាឡាវីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
២-ឈ្មោះ យ៉ែម លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៧ អនុវិទ្យាល័យ អូរបែកក្អម ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
៣-ឈ្មោះ មាឃ ភាណាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២J វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៥៧៥ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក៕
ដោយ ៖ សិលា