ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញថា៖ ការដោះស្រាយបាតុកម្មនៅណាហ្គាវើដ៍ដោយភាពអត់ធ្មត់ម៉ឹងម៉ាត់ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋាននានា ជាដំណោះស្រាយល្អ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការ សរសើរចំពោះលទ្ធផលការងារសម្រេចបានមួយចំនូនរបស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញ១ខែមករាកន្លងមកនេះ ក្នុងនោះបានដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើដ៍ដោយអត់ធ្មត់តែម៉ឹងម៉ាត់ និងប្រកបដោយ បញ្ញាញាណ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋាននានា ហើយបញ្ហាសំរាមក៏ជាបញ្ហាមួយដែលអាជ្ញាធររាជធានីភ្នំពេញ ខិតខំដោះស្រាយបានយ៉ាងល្អប្រសើរផងដែរ។

   ការកោតសរសើរខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ២០២២ នេះ ក្នុងកិច្ចប្រជុំសាមញ្ញាលើក៣៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

     លោក ម៉ប់ សារិន បានមានប្រសាសន៍ លើកឡើងថា៖ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីពិតជា មានការកោតសរសើរ ចំពោះគណៈអភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបាន ដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើលដ៏ដោយភាពអត់ធ្មត់តែម៉ឹងម៉ាត់ និងប្រកបដោយ បញ្ញាញាណ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋានានា ,សូមកោតសរសើរលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានខិតខំដោះស្រាយ ដាក់ធុងសំរាមតាមផ្លូវនានា ពិសេសខណ្ឌក្នុងរាជធានី ធ្វើឱ្យសោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរាជធានី ភ្នំពេញកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃនិងសូមអបអរសាទរ និងថ្លែងអំណរគុណលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែល បានផ្តួចផ្តើម សាងសង់ស្ពានអាកាសឫស្សីកែវ ដែលបានសម្រួលដល់ការកកស្ទះចរាចរតាមផ្លូវជាតិលេខ៥ពិសេសតំបន់ឫស្សីកែវ និងតំបន់ក្បែរៗនោះ។

  ពាក់ព័ន្ធនិងការដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើដ៏ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ បញ្ហាបាតុកម្មនៅណាហ្គាវើលដ៏ វាមិនមែនជារឿងធម្មតាពេកទេ ដោយសារតែបាតុករត្រូវបានរៀបចំនិងមានការចាត់ តាំង ដែលយើងពិបាកក្នុងការដោះ ស្រាយបញ្ចប់ ។បន្ថែមពីលើនេះទៀត ការជួបជុំធ្វើបាតុកម្មនេះបានបង្កអោយមាន ការរីករាលដាលជម្ងឺកូវីដ-១៩ប្រភេទ អូមីក្រុងថែមទៀត ។

    លោក កើត ឆែ បញ្ជាក់ថា មកដល់ ពេលនេះ ក្រុមបាតុករចំនួនជាង៥០នាក់ហើយដែលមានវិជ្ជមានកូវីដ-១៩ ។នេះមិនបានគិតចំពោះបាតុករមួយចំនួនទៀត ដែលមិនបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការយកសំណាកផងទេ ។ 

  លោក កើត ឆែ ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើងក៏បានធ្វើការឃាត់ខ្លួនក្រុមបាតុករមួយចំនួនផងដែរ ។ តែការឃាត់ខ្លួននោះ គឺអនុវត្តទៅតាមនីតិវិធីនៃច្បាប់ទាំងអស់ ។

  លោកកើត ឆែ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក្នុងនាមគណៈអភិបាលរាជធានីក៏បានជូនបាច់ផ្កាទៅលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ផងដែរ ក្នុងឱកាសដែលលោកម៉ប់ សារិនត្រូវបានជ្រើសតាំងជាប្រធានសមាគមជាតិ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានទៅកាន់តួនាទីជាទេសរដ្ឋមន្រ្តី ទទួល បេសកកម្មពិសេស៕

ដោយ ៖ សំរិត


ចែករំលែក៖