ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យរៀបចំកៅអីអង្គុយមិនឲ្យលើសពី៧នាក់ក្នុងមួយតុ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើន ដូចជាពិធីមង្គលការ បុណ្យទាន និងទីតាំងកម្សាន្តផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យរៀបចំកៅអី អង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន។

នេះបើតាមសេចក្តីណែនាំ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ  នៅព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២។

សេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវណែនាំឲ្យរៀបចំកៅអី អង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាបាញ់អាកុលឬដែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាស ចេញក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញ នៅពេលងើបចេញពីតុ»។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ទន្ទឹមនេះត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល៤ខែហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវបុគ្គលនោះ មិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ។

    ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់មន្ត្រី បុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមផងដែរ។

      បើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣៧ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២៦២នាក់ ក្នុងនោះករណីនាំចូលចំនួន៣៦នាក់ និងឆ្លងក្នុងសហគមន៍២២៦ នាក់, អ្នកជំងឺចំនួន៧៦នាក់ជាសះស្បើយ។

     សមបញ្ជាក់ថា៖  គិតត្រឹមការប្រកាស របស់ក្រសួងសុខាភិបាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២២,៤៦៨នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,៤២០នាក់,ស្លាប់សរុបចំនួន ៣, ០១៥នាក់៕

ដោយ ៖ សំរិត


ចែករំលែក៖