ខេត្តកណ្តាល ៖ បុរសម្នាក់បានឡើងយកបំពង់ទឹកត្នោត អកុសលខ្យល់គ ក៏ស្លាប់លើដើមត្នោត បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ នេះបើយោងតាមរបាយការណ៍ លោក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រាយការណ៍ជូន លោកស្នងការនគរបាលខេត្តកណ្តាល។
លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា, នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីសក័ ពស២៥៦៥ត្រូវនឹងថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២២ មានករណីខ្យល់គ(បណ្តាលអោយស្លាប់) បុរសម្នាក់ ។ ហើយហេតុការណ៍នេះមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នៅ ចំណុចក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា, សាកសពឈ្មោះ អាន វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ឡើងត្នោត ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមការបំភ្លឺរបស់គ្រូគរុសិស្សដែលរៀននៅសាលាគរុកោសល្យភូមិភាគខេត្តកណ្តាលបានអោយដឹងថា÷នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទីព្រឹកបានឃើញជនរងគ្រោះមកឡើងត្នោតនៅសាលាគរុកោសល្យជាប្រចាំ ប្រហែលកន្លះម៉ោងមក ក៏ឃើញធ្លាក់ធៀបគាបទឹកត្នោត ចុះក្រោមក៏មើលជនរងគ្រោះពីលើដើមត្នោតឃើញដេកនៅលើដើមត្នោត ក៏សង្ស័យបានស្រែកហៅតែមិនឆ្លើយតប បានប្រាប់សមត្ថកិច្ចអោយចុះមកមើល ហើយបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ខាងក្រុមគ្រួសារជនរងគ្រោះបានមកដល់ ក៏បានឡើងទៅលើដើមត្នោត យកខ្សែចងយោងជនរងគ្រោះចុះក្រោម បន្ទាប់មកក៏នាំគ្នាជួយសង្គ្រោះរឹតទ្រូង និងធ្វើចលនាបេះដូង ហើយបានទាក់ទងទៅឡានពេទ្យ ពេលមកដល់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកសមត្ថកិច្ចចុះមកពិនិត្យធ្វើកោសល្យវិច័យ ។
ការពិនិត្យរបស់ជំនាញ គឺសមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាស្ថានភាពសាកសព មាត់ឡើងស្វាយ ប្រដាប់ភេទមានទឹករំអិល ក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរអោយកក់សំគាល់ឡើយ។
សន្និដ្ឋានរបស់សមត្ថកិច្ច គឺជនរងគ្រោះស្លាប់ដោយ ខ្យល់គ(គាំងបេះដូង)។ ក្រោយមកសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ស្អាង ជ័យ