ខេត្តកំពង់ធំ ៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញប្រគល់ផ្ទះចំនួន១៥០ខ្នង ដែលទើបសាងសង់រួចនេះមានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់អំពីសសរបេតុង, ឆ្អឹងដែកខ្ពស់ផុតពីដី, ជញ្ជាំងស្មាតបត, រនាបក្តារ, ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អតីតយុទ្ធជន ស្ថិតនៅខេត្តកំពង់ធំ។ ពិធីប្រគល់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពី លោក ងួន រតៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមខេត្ត, ឧត្តម សេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូនដែលទើបបានទទួលផ្ទះថ្មី ត្រូវខិតខំដាំដំណាំចិញ្ចឹមសត្វលើផ្ទៃដីដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើលសមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុនប្រធានសមាគមអតីតយុទ្ធជន ខេត្ត បានរាយការណ៍ឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងខេត្តមានសមាជិកសរុប៣.១២០នាក់ ហើយដែលក្នុងឆ្នាំ២០១៦ដល់ ២០២១កន្លងមកនេះ សមាគមអតីតយុទ្ធជនខេត្ត បានជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្របានចំនួន៣៤២ លើដីសម្បទានសង្គមកិច្ច១៤២ខ្នងរួចមកហើយ។ សមាគមខេត្តក៏បានចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនដូសទី១ដល់ដូសទី៣បានចំនួន៣៩៨នាក់ផងដែរ។
តំណាងឲ្យអតីតយុទ្ធជនទាំង១៥០ គ្រួសារ តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ផ្តល់ប័ណ្ណ ប.ស.ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់ ពួកគាត់បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារបានសុខសប្បាយ សុខភាពរឹងមាំ បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត។
នៅក្នុងឱកាសនោះ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន, លោកឧកញ៉ា វិញ ហួរ បានឧបត្ថម្ភជូនបងប្អូនដែលទទួលបានផ្ទះទាំង១៥០គ្រួសារ ក្នុងមួយគ្រួសារ២០ម៉ឺនរៀល, អង្ករ២បាវ គ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត។ ជា មួយគ្នានោះដែរលោកងួន រតនៈ អភិបាល ខេត្តកំពង់ធំ បានឧបត្ថម្ភអំពូលភ្លើងសឡា ចំនួន១៤១ អំពូលផងដែរ៕
ដោយ៖ សូរិយា