ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលទាំងព្រឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈស្ត្រីម្នាក់បានសម្រេចចិត្តលោតពីលើអគារខុនដូ យីហោ”CITY BRAND” នៅជាន់ទី០៨ មួយកន្លែងស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងភូមិសន្សំចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មានស្រុកកំណើនៅឃុំអង្គរជ័យ ខេត្តកំពត ។
បេីតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់ស្ត្រីរងគ្រោះខាងលេីបានឲ្យដឹងថា នៅវេលាម៉ោង០៥ទៀបភ្លឺថ្ងៃខែឆ្នាំខាងលើ ស្ត្រីរងគ្រោះបានទៅលេងមិត្តភក្តិនៅបន្ទប់លេខ៨០២ នៅជាន់ទី០៨ខុនដូ យីហោ”CITY BRAND” ដោយនាងបានខលទៅមិត្តភក្តិជាច្រើនលើកច្រើនសារ តែមិត្តភក្តិមិនទទួលទូរស័ព្ទ ដោយសារកំពុងលង់លក់ក្នុងដំណេក ។
បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទមិត្តភក្តិមិនលើកហើយនោះ ស្ត្រីរងគ្រោះបានដើរចូលក្នុងបន្ទប់ដាក់អីវ៉ាន់ក្បែរនោះ ហើយក៏សម្រេចចិត្តបើកបង្អួចលោតពីលើអគារខុនដូជាន់ទី០៨មកដល់ក្រោមដី បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយផ្នែកជំនាញបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យពិនិត្យលើសាកសព និងសាកសួរនាំព័ត៌មានបន្ថែម ។
ក្នុងករណីនេះដែរ លោក កឹម កល្យាណ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ បានឲ្យដឹងថា បន្ទាប់ពីធ្វើកោសល្យវិច័យពិនិត្យលើសពស្ត្រីរងគ្រោះ និងសាកសួរនាំព័ត៌មានល្អិតល្អន់រួចមក ក៏បានបញ្ចាក់ថា ករណីនេះគឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯង (លោតសម្លាប់ខ្លួនឯង) ដោយមិនពាក់ព័ន្ធករណីឃាតកម្មនោះឡើយ ។
បច្ចុប្បន្ននេះ សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ជាបណ្តោះអាសន្ន ដេីម្បីរង់ចាំទំនាក់ទំនងទៅកាន់សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនាពេលក្រោយ ។
គួររំលឹកថា បេីតាមការឲ្យដឹងពីស្ត្រីជាមិត្តភក្តិជនរងគ្រោះ គឺស្ត្រីរងគ្រោះឧស្សាហ៍ពិបាកចិត្តញឹកញាប់ណាស់ ហើយនាងក៏ចេះតែមានបញ្ហាផ្ទាល់ខ្លួនជាបន្តបន្ទាប់ផងដែរ ។ តែនៅវេលាកើតហេតុ បើនាងដឹងថាស្ត្រីរងគ្រោះជាមិត្តភក្តិមកលេងបន្ទប់នាង ក៏នាងបើកទ្វារទទួលផងដែរ ប៉ុន្តែមិនបានដឹងសោះ ព្រោះនាងបានបិទសម្លេងទូរស័ព្ទ ហើយសម្រាកបាត់ទៅហើយ ។ លុះព្រឹកឡើងទើបដឹងរឿងហេតុ ដោយសារប៉ូលិសហៅសួរនាំ អំពីការស្លាប់របស់មិត្តភក្តិខ្លួន ៕
ដោយ ៖ ភារ៉ា ដង្កោ