ព័ត៌មានទាន់ហេតុការណ៍៖

Update ៖​ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់អញ្ជេីញដល់ទីក្រុងសេអ៊ូល​ហើយ​

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវេលាម៉ោងប្រមាណ ១២៖៥២នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោងប្រមាណ ២៖៥២នាទីរសៀលម៉ោងនៅទីក្រុងសេអ៊ូល) បានដឹកនាំគណៈប្រតិភូអញ្ជេីញដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងហេីយ។​ ការអញ្ជេីញទៅដល់ទីក្រុងសេអ៊ូល​វត្តមានសម្តេចតេជោ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីអគ្គនាយករង នៃក្រសួងការបរទេសកូរ៉េ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ ក្រសួងការបរទេសកូរ៉េ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបផងដែរ។

ចំពោះ​ទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ស្ថិត​នៅសណ្ឋាគារឡូតេវើល ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីលោក Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល លោកបណ្ឌិត Thomas G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាពសកល ព្រមទាំងវត្តមាន អស់លោក លោកស្រី នៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សា និងប្រកបការងារនៅសាធារណរដ្ខកូរ៉េ ជាច្រើនរូប។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន​ សែន​ នៅព្រឹក​ថ្ងៃ​ទី១០​ ខែកុម្ភៈ​នេះ​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»។

ដោយ​ឡែក​យោងតាមការជូនព័ត៌មានរបស់ក្រសួងការបរទេស​ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ទើបត្រឡប់មកកម្ពុជាវិញ។ ក្រសួងការបរទេសបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ» នៅទីក្រុងសេអ៊ូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាសហប្រធាន ជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង លោក បាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលនេះ រួមមាន៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាមួយចំនួនទៀតផងដែរ ។

ក្រសួងការបរទេស បានឱ្យដឹងផងដែរថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយ លោក មូន ចេ-អ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់ លោក បាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ សម្តេចតេជោរំពឹងថា នឹងមានជំនួបជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសមួយចំនួន ក៏ដូចជាទទួលសាវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។

នៅថ្ងៃទី១២ ខែកុម្ភៈ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នឹងមានការប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់សម្តេចតេជោ ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ពាក់ព័ន្ធនឹងពានរង្វាន់សន្តិភាពស៊ុនហាក់នេះ លោកបណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាក់ បានបញ្ជាក់ថា ការផ្តល់ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។

បើតាមការ​បញ្ជាក់​ពី​លោក Thomas G. Walsh ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន៕

ដោយ​៖ស​ តារា​


ចែករំលែក៖