ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងទើបតែងតាំងថ្មី នៃក្រសួងនគរបាល អមស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួរសម។ នេះបើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនូវការស្វាគមន៍ចំពោះ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមតែងតាំង ជាប្រធានស្ថានតំណាងថ្មីអមស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង២បានបង្កលក្ខខណ្ឌល្អប្រសើរដល់ការពង្រឹង ពង្រីកទំនាក់ទំនងរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណសង្គមនិយមវៀតណាម។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈបេសកកម្មរបស់លោក ឧត្តមសេនីយ៍ត្រី ពិតជានឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម កាន់តែរីកចម្រើនឡើងថែមទៀត។ ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងថា សម្តេចត្រៀមខ្លួនជានិច្ច ក្នុងការបន្តធ្វើការយ៉ាងជិតស្និត ជាមួយភាគីវៀតណាមក្នុងការដោះស្រាយនានាដែលបម្រើដល់ផលប្រយោជន៍រួម។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា កន្លងមកនេះបើទោះបីជាប្រឈមទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏កិច្ចសហប្រតិបត្តិការរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងតែជួបគ្នាតាមផែនការកំណត់ ជាក់ស្តែងដូចជាការជំនួបរវាង សម្តេចក្រឡាហោម និង លោក ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូអនឡាញ ព្រមទាំងក្នុងព្រឹត្តការណ៍នៃកិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណឡាវដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ជូនចំពោះ លោក ឧត្តមសេនីយ៍ឯក តូ ឡឹម ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងនគរបាលវៀតណាមក្នុងឱកាសឆ្នាំថ្មីប្រពៃណីយជាតិវៀតណាម សូមបានប្រកបដោយសេចក្តីសុខ សុភមង្គល ព្រមទាំងជោគជ័យគ្រប់ភារកិច្ចក្នុងបេសកកម្មដ៏ឧត្តុងឧត្តមលើបុព្វហេតុជាតិ និងប្រជាជនផងដែរ
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលត្រូវបានតែងតាំងជាប្រធានស្ថានតំណាងថ្មីអមស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ឯក តូ ឡឹម ជូនចំពោះសម្តេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ។ លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ក្នុងអាណត្តិការងាររបស់លោក ពិតជាចាំបាច់ណាស់នូវការផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតជាមួយក្រសួងមហាផ្ទៃកម្ពុជា ដើម្បីធ្វើឱ្យលោកផ្ទាល់អាចបំពេញការងារប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រី បានបង្ហាញការប្តេជ្ញាចិត្តក្នុងត្រៀមខ្លួន និងស្មារតីលើផែនការសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្រសួងនគរបាលវៀតណាម ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រិតបត្តិការជាមួយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធក្រោមដែនសមត្ថកិច្ចទទួលខុសត្រូររបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដឹកនាំរបស់សម្តេចក្រឡាហោម។
ជាទីបញ្ចប់សម្តេចក្រឡាហោម ស ខេង បានអបអរសាទរ និងជូនពរ លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ច ក្នុងនាមជាប្រធានស្ថានតំណាងទើបតែងតាំងថ្មី នៃក្រសួងនគរបាលអមស្ថានទូតវៀតណាមប្រចាំព្រះរាជណាចក្រកម្ពុជា៕
ដោយ៖ សិលា