ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងសិរីសោភ័ណ ​គ្រោងចំណាយថវិកាចំនួនជាង ២២លានដុល្លាអាមេរិក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្នុងការអភិវឌ្ឍកន្លែងណាមួយ គឺតែងតែមានផលប៉ះពាល់និងរំខានដល់ការប្រកបរបរ រកស៊ីរបស់បងប្អូនខ្លះហើយ ដូចនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការដើម្បីឲ្យដំណើរការនៃការអភិវឌ្ឍប្រកបដោយចីរភាព ។ នេះគឺជាប្រសាសន៍លើកឡើងរបស់លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូនក្នុងពិធីក្រុងពាលី បើកការដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបជំហាន២ ថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២២ ។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា៖ គម្រោងប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរទឹកភ្លៀង ព្រមទាំងសាងសង់ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ទទួលការសាងសង់ដោយក្រុមហ៊ុន Beijing urban construction group co,LTD (BUCG) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Romboll Denmark A/S In Joint Venture With Oriental Consultant and Sec In Association With Tancons ចំណាយថវិកាសរុបប្រមាណ២២,៤៨៦,១៧៩ ដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយប្រើរយៈពេលសាងសង់ ៣៦ខែ ដែលគ្រោងនឹងបញ្ចប់នៅខែសីហាឆ្នាំ២០២៤។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ មានសមត្ថភាពអាចចម្រោះទឹកក្នុងមួយថ្ងៃបានចំនួន៣,៥០០ ម៣ សាងសង់លើផ្ទៃដីប្រមាណ ២៤ ហិកតា ដែលក្នុងនោះរួមមានអគារចំនួន ០៤ (អគាររដ្ឋបាល រោងជាង រោងម៉ាស៊ីនភ្លើង និងអគារសន្តិសុខ) ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។ ការសាងសង់ប្រព័ន្ធដាច់ដោយឡែកសម្រាប់តំបន់សេវាកម្ម ភាគពាយព្យនៃស្ទឹងសិរីសោភ័ណ ដែលមានបំពង់បង្ហូរប្រវែង១១០ គីឡូម៉ែត្រ និងស្ថានីយបូមមេ ០១កន្លែង និងស្ថានីយបូមតូចចំនួន ០៣ កន្លែង។ គម្រោងនេះនឹងធ្វើការសាងសង់ផ្លូវចូលទៅកាន់ស្ថានីយប្រព្រឹត្តកម្មដែលមានប្រវែង ២,៦០០ ម៉ែត្រ និងបណ្ដាញលូបង្ហូរទឹកភ្លៀងប្រវែង៦,៨៨៥ ម៉ែត្រ។ 

ថ្លែងនាឱកាសនោះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងជានាយកគម្រោង តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ បរិស្ថាននៃការរស់នៅពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារជាចាំបាច់នូវការរៀបចំយកចិត្តទុកដាក់ ប្រកបដោយសោភ័ណភាព ផាសុខភាព ព្រោះវាជាប្រភពផ្ដល់សុខភាពល្អដល់យើង “សុខភាពជាទ្រព្យសម្បត្តិទីមួយមុននឹងយើងអាចទៅរកទ្រព្យសម្បត្តិដទៃទៀតបាន”។ ជាពិសេសការរៀបចំបរិស្ថាន សោភ័ណភាពក្នុងទីប្រជុំជនគឺជាចំណុចអាទិភាព ទីក្រុងស្អាត ទាក់ទាញភ្ញៀវទេសចរ។ទន្ទឹមនោះក៏សូមសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរជំនាញទាំងអស់ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងការអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន ០២ ខេត្តបន្ទាយមានជ័យ។ 

លោក វង្ស ពិសិដ្ឋ បានបញ្ជាក់ទៀតថា៖ក្រុងសិរីសោភ័ណនេះ ក៏នឹងគ្រោងសាងសង់ទីលានចាក់សំរាម ដែលបច្ចុប្បន្នកំពុងធ្វើការដេញថ្លៃ ដើម្បីធ្វើការសាងសង់​ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖