ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ ឃើញថា ករណីឆ្លងជំងឺកូវីដ-១៩ប្រភេទមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងបានកើនឡើង ដែលជាក្តីបារម្ភមួយ ។ ប្រការនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមក្រើនរំលឹកសារជាថ្មីដល់គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនគោលការណ៍ណែនាំ ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ដើម្បីរក្សានូវដំណើរការរៀនសូត្រជាប្រក្រតី នៃ ឆ្នាំសិក្សាថ្មី២០២១-២០២២ នេះ ។
ស្ថិតក្នុងស្ថានការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំបន្ថែមចំពោះគ្រប់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ដូចតទៅ ៖
១. លើកកម្ពស់ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិ ស្តង់ដា សម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឱ្យបានខ្ជាប់ខ្ជួនបំផុត។
២. ត្រូវមានការត្រួតពិនិត្យសុខភាពសិស្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិកផ្សេងៗ ទៀត ចេញ ចូលក្នុង សាលាជាប្រចាំ ត្រូវសម្អាត ថែទាំឧបករណ៍ប្រើប្រាស់ក្នុងថ្នាក់រៀន និងបរិវេណសាលារៀនបានត្រឹម ត្រូវ មានសម្ភារអនាម័យបានគ្រប់គ្រាន់ ។
៣. កាត់បន្ថយនូវការប្រមូលផ្តុំសិស្សក្នុងទ្រង់ទ្រាយធំ ដើម្បីរក្សាសុវត្ថិភាពដល់សិស្ស និងគ្រូបង្រៀន ។ រាល់ការប្រារព្ធពិធីជួបជុំ តែក្នុងកម្រិតចំនួន ដែលអាចគ្រប់គ្រងបានរបស់គ្រឹះស្ថានសិក្សា ។
៤. គ្រឹះស្ថានសិក្សាដែលស្ថិតក្នុងតំបន់មានហានិភ័យខ្ពស់ត្រូវរៀបចំផែនការសិក្សា ដំណើរការបង្រៀន និងរៀនតាមបណ្តុះ រួមមានការរៀបចំកាលវិភាគសិក្សា ការបែងចែកសិស្ស ការបែងចែកម៉ោងសិក្សា ការបែងចែកវេនសិក្សា ការកំណត់ម៉ោងចូល និងចេញពីរៀន និងការត្រៀមលក្ខណៈសិក្សាតាម ប្រព័ន្ធអេឡិកត្រូនិច សម្រាប់សិស្សដែលមិនអាចមករៀនដោយផ្ទាល់នៅសាលារៀនបាន។ ប្រសិនបើ មានការឆ្លងចូលក្នុងគ្រឹះស្ថានសិក្សា គ្រឹះស្ថាននោះត្រូវផ្អាកថ្នាក់ ឬ គ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្ន ដោយរៀបចំឱ្យបង្រៀនដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ឬការរៀនពីចម្ងាយដោយប្រើប្រាស់ សន្លឹកកិច្ចការ។
៥. ត្រួតពិនិត្យឡើងវិញនូវដំណើរការ នៃការលក់ដូរនំចំណី ឬ អាហារដ្ឋានក្នុងបរិវេណសាលារៀន ដោយ ហាមឃាត់ការប្រមូលផ្តុំ និងលើកកម្ពស់វិធានការអនាម័យ និងត្រូវលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យយកអាហារ និងទឹកមកពីផ្ទះ ហើយត្រូវទទួលទានដាច់ដោយឡែកពីគ្នា។
៦. នៅតំបន់ដែលមានហានិភ័យខ្ពស់ ត្រូវចាត់វិធានការគ្រប់គ្រងបានត្រឹមត្រូវចំពោះការប្រាស្រ័យ ទាក់ទងគ្នាដោយផ្ទាល់ ការឆ្លងពីថ្នាក់រៀនមួយទៅថ្នាក់រៀនមួយទៀត និងត្រូវពង្រឹងការអនុវត្ត វិធានការ “៣ការពារ ពាក្យ” ឱ្យបានខ្ជាប់ខ្ជួន។ ក្នុងបរិវេណគ្រឹះស្ថានសិក្សាត្រូវពាក់ម៉ាស និងលាងដ ជាប្រចាំ។
៧. ស្នើសុំឱ្យប្រតិភូ ឬ ភ្ញៀវទាំងឡាយ ដែលមកត្រួតពិនិត្យដំណើរការរៀន និងបង្រៀន ឱ្យស្ថិតនៅខាងក្រៅថ្នាក់រៀន និងមិនអនុញ្ញាតឱ្យចូលមកក្នុងថ្នាក់រៀនដោយរក្សាគម្លាតពីគ្នា។ នៅតំបន់តំបន់ដែល មានហានិភ័យខ្ពស់ មិនអនុញ្ញាតឱ្យរៀបចំទស្សនកិច្ចសិក្សាឡើយ។
៨. បន្តតាមដានការវិវត្តថ្មី ដោយយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេលវេលាក្នុង ការសម្រេចផ្អាកដំណើរការថ្នាក់រៀន ដោយបន្តការរៀនពីចម្ងាយ និងតាមអេឡិកត្រូនិច ដើម្បីទប់ ស្កាត់ការរីករាលដាលការចម្លងមេរោគកូវីដ-១៩ ចូលសហគមន៍។
គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវអនុវត្តសេចក្ដីណែនាំនេះ រួមជាមួយសេចក្ដី ណែនាំទាំងឡាយជាធរមានដទៃទៀត ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ ៖ សុខ ខេមរា