ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសឈឺចុកពោះចាក់ថ្នាំមួយម្ជុលប្រកាច់ខាំអណ្ដាតបែកពពុះមាត់ ស្លាប់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យម្នាក់ជាគ្រូពេទ្យឯកជនមកសាកសួរក្នុងករណីមនុស្សឃាតដោយអចេតនា ដោយបានចាក់ថ្នាំអោយក្មេងប្រុសម្នាក់ដែលឈឺចុកពោះហើយបន្ទាប់មកប្រកាច់ខាំអណ្ដាតបែកពពុះមាត់ បណ្ដាលអោយស្លាប់ភ្លាមៗ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២និង៣៥នាទីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្ថិតត្រង់ចំណុចភូមិ កណ្ដាលឃុំស្វាយចេក ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសសង្ស័យមានឈ្មោះ វ៉ាត់ ចន្ថន អាយុ ៣៦ ឆ្នាំមុខរបរគ្រូពេទ្យ រស់នៅភូមិកណ្ដាលឃុំស្វាយចេក ស្រុករំដួល។

ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ជៀក ណាដេត អាយុ ៧ឆ្នាំជាសិស្សរស់នៅ ភូមិថ្មីឃុំស្វាយចេក ស្រុករំដួល ។

សមត្ថកិច្ចបានបញ្ជាក់ថាមានករណីមនុស្សឃាតដោយអចេតនាមួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ វ៉ាត់ ចន្ថន បានពិនិត្យនិងចាក់ថ្នាំអោយកុមារាឈ្មោះ ជៀក ណាដេត ។

ប្រភពបន្តថាពេលដែលបុរសខាងលើបានដកម្ជុលចាក់រួចស្រាប់តែក្មេងរងគ្រោះមានសភាពប្រកាច់ខាំអណ្ដាតបែកពពុះមាត់ បណ្ដាលអោយស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្ដង។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖