ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ! លោកផ្កាយ៣ ឌួង ងៀប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី !(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ នេះបើតាម មន្រ្តីជាន់ខ្ពស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មាន អោយដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ថា, លោកផ្កាយ៣ ឌួង ងៀប  ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីកាតុលាការ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចមុខសណ្ឋាគារដឹគ្រី ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ ពាក់ព័ន្ធករណី «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ហើយគាត់ក៏មានតួនាទីជា អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ។ 

សូមបញ្ជាក់ថា, ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពី លោក ឌួង ងៀប បានបង្ហោះឃ្លីបវីដេអូមួយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់គាត់ ប្រែពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់ និងវាយប្រហារទៅលើតុលាការ ទារលុយគាត់ គាត់អស់លុយអោយហើយ សុខចិត្តដើរចូលគុក ។ ក្រោយអ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ ពីលោកផ្កាយ ឌួង ងៀប និយាយមិនពិតតាម ផេករបស់ខ្លួន ។ ទីបំផុត ! នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ចេញលិខិតសូមទោស តុលាការ សាលាដំបូងរាជធានីភ្នំពេញ បុ៉ន្តែនៅព្រឹកនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា។ 

សូមជម្រាបថា, បើតាមសេចក្តីបំភ្លឺរបស់ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឆ្លើយតបជាមួយនឹងការចេញវីដេអូផ្សព្វផ្សាយរបស់ លោក ឌួង ងៀប បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបានប្រគល់ប្រាក់ថ្ងៃដីគ្រប់ ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។

អ្នកនាំពាក្យបានបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់នេះ ឈ្មោះ ឌួង ងៀប បានចេញមូលប្បទានប័ត្រចំនួន៣សន្លឹកដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០$ លេខ២១៣៩៩៧ មានតម្លៃ ៣.៦៥៥.០០០$ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០$ ទៅឲ្យដើមបណ្តឹង រដ្ឋប្បវេណី។ បន្ទាប់មក ដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានប័ត្រទាំង៣សន្លឹកនោះទៅបើកប្រាក់នៅធនាគារ ប៉ុន្ដែខាងធនាគារបញ្ជាក់ថា មួលប្បទានប័ត្រទាំង៣សន្លឹកនោះគ្មានសាច់ប្រាក់ទេ។

សាលាដំបូងរាជធានីភ្នំពេញ បានបន្តថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាមរយៈដីកាសម្រេចលេខ៤២៩៣ “ម” ដ.ព.ស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវ ឲ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួននេះ ចំនួន ៥.៣០៥,០០០$ មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ តែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ។ ដោយ ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឲ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។

ដោយឡែក លោក ឌួង ងៀប នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញលិខិតសូមទោសតុលាការជាសាធារណៈដោយលើកឡើងថា, ខ្ញុំបាទសូមអភ័យទោសពី ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលខ្ញុំបាទ បានធ្វើការបង្ហោះវីដេអូឃ្លីបរយៈពេល២៣នាទី បកស្រាយបញ្ហាពាក់ព័ន្ធនឹងចំណាត់ការរឿងក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញលើរូបខ្ញុំបាទ និងបានធ្វើទង្វើមិនសមរម្យ ដោយបានទៅបង្ហាញខ្លួន និងផ្តល់កិច្ចសម្ភាស៍ ដល់អ្នកសារពត៌មាននៅមុខមណ្ឌលអប់រំកែប្រែទី១ ព្រៃស។ សកម្មភាពទាំងនេះ ធ្វើឡើងដោយសារខ្ញុំបាទមានការភាន់ភាំងស្មារតី ព្រោះរងសម្ពាធធ្ងន់ធ្ងរក្នុងគ្រួសារ និងមានការព្រួយបារម្ភខ្លាំង ពីបញ្ហាប្រឈមផ្សេងៗក្នុងផ្លូវ ច្បាប់លើរឿងក្ដីពាក់ព័ន្ធនឹងរូបខ្ញុំបាទ។ ទង្វើដ៏គួរឲ្យសោកស្តាយនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន និងកិត្តិយសរបស់ ឯកឧត្តមប្រធាន និងអស់លោកមន្ត្រីជាចៅក្រមកាន់រឿងក្តី និងធ្វើឲ្យប៉ះពាល់ដល់ កិច្ចដំណើរការនីតិវិធីចាត់ការរឿងក្តី របស់សាលាដំបូងរាជធានីភ្នំពេញ។

ខ្ញុំបាទសូមសន្យាថា មិនឲ្យមានសកម្មភាពនេះកើតជាថ្មីទៀតទេ និងសូមសន្យាចូលរួមគ្រប់កិច្ចនីតិវិធីចាត់ការរឿងក្តីរបស់សាលាដំបូងពាក់ព័ន្ធនឹងរូបខ្ញុំបាទ ដោយស្មារតីសុចរិត យុត្តិធម៌ និងគោរពច្បាប់ជាធរមាន។

ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ សូមមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សូម ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ មេត្តាទទួលនូវសេចក្តីគោរពដ៏ ខ្ពង់ខ្ពស់អំពីខ្ញុំបាទ និងផ្តល់នូវសេចក្ដីអនុគ្រោះបំផុតដល់ខ្ញុំបាទ ៕

ដោយ ៖ រ៉ា រ៉ា


ចែករំលែក៖