រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី១៣ខែកុម្ភៈ បានស្នើដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែនកាន់តែឆាប់កាន់តែល្អ ដោយសារស្ថានភាពកាន់តែតានតឹង ហើយសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនអាចផ្ទុះឡើងគ្រប់ពេល។
សារព័ត៌មាន AFP នៅយប់ថ្ងៃទី ១៣ខែកុម្ភៈបានផ្សាយថា រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន។ ក្រសួងការបរទេសសិង្ហបុរីបានប្រកាសថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែនមិនអំណោយផលនោះឡើយ ដូច្នេះពលរដ្ឋចាំបាច់ត្រូវតែចាកចេញដោយមិនមានអ្វីធានានឹងបញ្ជូនពលរដ្ឋចេញទាន់ពេលវេលាពេលមានសង្គ្រាមកើតឡើងនោះឡើយ ។
សហរដ្ឋអាមេរិកនៅថ្ងៃទី១៣ខែកុម្ភៈ បានព្រមានជាថ្មីថា រុស្ស៊ីអាចនឹងបង្កើតលេសមួយ ដើម្បីបើកការឈ្លានពានលើអ៊ុយក្រែន។ រុស្ស៊ីត្រូវបានបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកចោទប្រកាន់ថាបានដាក់ពង្រាយកងទ័ពច្រើនជាង ១សែននាក់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយហៅការដាក់ពង្រាយកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះថាជាការត្រៀមលក្ខណៈឈ្លានពាន។ ប៉ុន្តែទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់បែបនេះ និងចោទលោកខាងលិចវិញថាកំពុងមាន «រោគសរសៃប្រសាទ»។
តែទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យនោះដែរមានសេចក្ដីរាយការណ៍ជាច្រើនថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានអះអាងថា រុស្ស៊ីមានផែនការឈ្លានពានអ៊ុយក្រែននៅថ្ងៃពុធសប្ដាហ៍នេះ។ ប៉ុន្តែខាងមន្ត្រីអាមេរិកមិនទាន់ទទួលស្គាល់ ឬបញ្ជាក់លម្អិតពីសេចក្ដីរាយការណ៍ នេះនៅឡើយទេ។
ម្យ៉ាងវិញទៀត នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តចែករំលែកព័ត៌មានដែលខ្លួនទទួលបានជាមួយពិភពលោក ដើម្បីទប់ស្កាត់កុំឱ្យរុស្ស៊ីមានឱកាសបង្កើតលេសឈ្លានពានអ៊ុយក្រែន ព្រមទាំងសន្យាផងដែរថានឹងការពារមិនឱ្យដែនដី NATO បាត់បង់មួយចំអាមណាឡើយ៕ ដោយ៖ សាធី
រូបថត៖AFP