ភ្នំពេញ ៖ បន្ទាប់ពីលោក អុឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនត្រូវចោទលោកផ្កាយ៣ ឌួង ងៀបរួចមក និងក្រោយពីត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមដីកាតុលាការ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចមុខសណ្ឋាគារដឹគ្រី ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី«ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ហើយគាត់ក៏មានតួនាទីជាអគ្គលេខាធិការរងនៃក្រសួងមហាផ្ទៃផងនោះ ចៅក្រមបានសម្រេចឱ្យឃុំខ្លួនជនត្រូវចោទ ឌួង ងៀប នៅពន្ធនាគារ PJ ជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីលោកឌួង ងៀប បានបង្ហោះឃ្លីបវីដេអូមួយកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់គាត់ប្រែពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់ រួចហើយវាយប្រហារទៅលើតុលាការថាបានទារលុយគាត់ ហើយពេលនេះគាត់អស់លុយឱ្យហើយ សុខចិត្តដើរចូលគុក ។ ក្រោយមកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺអំពីលោកផ្កាយ ឌួង ងៀប ដែលនិយាយមិនពិតតាមផេករបស់ខ្លួន ។ ទីបំផុត! នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោកឌួងងៀបចេញលិខិតសូមទោសតុលាការ សាលាដំបូងរាជធានីភ្នំពេញ បុ៉ន្តែនៅព្រឹកនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា។
សូមជម្រាបថា បើតាមសេចក្តីបំភ្លឺរបស់ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ដើម្បី ឆ្លើយតបជាមួយនឹងការចេញវីដេអូផ្សព្វផ្សាយរបស់លោក ឌួង ងៀប បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ពីបទ«ឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែងដែលអ្នកទិញដីបានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន៧.៣០៥.០០០$ ឱ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។
អ្នកនាំពាក្យបានបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់នេះឈ្មោះ ឌួង ងៀប បានចេញមូលប្បទានបត្រចំនួន៣សន្លឹកដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០$, លេខ២១៣៩៩៧ មានតម្លៃ ៣.៦៥៥.០០០$ និងលេខ១៣២៧៨៨ មានតម្លៃ២.០០០.០០០$ ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ បន្ទាប់មកដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានបត្រទាំង៣សន្លឹកនោះទៅបើកប្រាក់នៅធនាគារ ប៉ុន្ដែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រទាំង៣សន្លឹកនោះគ្មានសាច់ប្រាក់ទេ។
សាលាដំបូងរាជធានីភ្នំពេញបានបន្តថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាមរយៈដីកាសម្រេចលេខ៤២៩៣ “ម” ដ.ព.ស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវឱ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួននេះចំនួន ៥.៣០៥,០០០$ មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ តែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ។ ដោយជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
សាលាដំបូងរាជធានីភ្នំពេញក៏បានប្រកាសបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។
ដោយឡែក លោក ឌួង ងៀប នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញលិខិតសូមទោសតុលាការជាសាធារណៈដោយលើកឡើងថា ខ្ញុំបាទសូមអភ័យទោសពីឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលខ្ញុំបាទ បានធ្វើការបង្ហោះវីដេអូឃ្លីបរយៈពេល២៣នាទី បកស្រាយបញ្ហាពាក់ព័ន្ធនឹងចំណាត់ការរឿងក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញលើរូបខ្ញុំបាទ និងបានធ្វើទង្វើមិនសមរម្យ ដោយបានទៅបង្ហាញខ្លួននិងផ្តល់កិច្ចសម្ភាស៍ដល់អ្នកសារព័ត៌មាននៅមុខមណ្ឌលអប់រំកែប្រែទី១ ព្រៃស។ សកម្មភាពទាំងនេះ ធ្វើឡើងដោយសារខ្ញុំបាទមានការភាន់ភាំងស្មារតី ព្រោះរងសម្ពាធធ្ងន់ធ្ងរក្នុងគ្រួសារ និងមានការព្រួយបារម្ភខ្លាំងពីបញ្ហាប្រឈមផ្សេងៗក្នុងផ្លូវច្បាប់លើរឿងក្ដីពាក់ព័ន្ធនឹងរូបខ្ញុំបាទ។ ទង្វើដ៏គួរឱ្យសោកស្តាយនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន និងកិត្តិយសរបស់ ឯកឧត្តមប្រធាន និងអស់លោកមន្ត្រីជាចៅក្រមកាន់រឿងក្តី និងធ្វើឱ្យប៉ះពាល់ដល់ កិច្ចដំណើរការនីតិវិធីចាត់ការរឿងក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ។
ខ្ញុំបាទសូមសន្យាថា មិនឱ្យមានសកម្មភាពនេះកើតជាថ្មីទៀតទេ និងសូមសន្យាចូលរួមគ្រប់កិច្ចនីតិវិធីចាត់ការរឿងក្តីរបស់សាលាដំបូងពាក់ព័ន្ធនឹងរូបខ្ញុំបាទ ដោយស្មារតីសុចរិត យុត្តិធម៌ និងគោរពច្បាប់ជាធរមាន៕
ដោយ ៖ រ៉ារ៉ា