ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាហើយបន្តជ្រុលបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងរថយន្ត២គ្រឿងបុកគ្នាហើយបន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកបញ្ច្រាសទិសបណ្ដាលអោយមនុស្សរបួសធ្ងន់២នាក់ដោយសារអ្នកបើកបររថយន្ដម៉ាក LEXUS RX ៣០០ មានជាតិស្រវឹង ហើយមិនប្រកាន់ស្ដាំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្លូវជាតិលេខ ១៣ស្ថិតក្នុងភូមិ ធ្លក សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាជនរងគ្រោះមានឈ្មោះ រ៉ន ស្រីនាថ ភេទ ស្រី អាយុ ២៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះ ថន ស្រីនូ ភេទ ស្រី អាយុ ០៦ ឆ្នាំ មុខរបរ សិស្សរស់នៅភូមិ ត្រោក ឃុំ ព្រះពន្លា ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L ៨១៥៧ ។

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះ សាន់ សំអុល ភេទ ប្រុស អាយុ ៦១ ឆ្នាំ មុខរបរ និវត្តជន រស់នៅភូមិ បុសស្វាយ ឃុំ បុសមន ស្រុក រំដួល ខេត្តស្វាយរៀងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ។

រីឯរថយន្តម្ខាងទៀតម៉ាកCamry ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ២B ៥៣៨៣ខូចខាតធ្ងន់ ដោយអ្នកបើកបមានឈ្មោះ សេក ផល្លា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយពក ឃុំ ដូង ស្រុក រមាសហែក ខេត្ត ស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក LEXUS RX ៣០០ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AL ៦១៧២ ដោយធ្វើដំណើរលើផ្លូវជាតិលេខ ១៣ ក្នុងទិសដៅពីត្បូងទៅជើង មិនប្រកាន់ស្ដាំ ស្រាប់តែបុកជាមួយរថយន្តម្ខាងទៀតម៉ាកCamry ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ២B ៥៣៨៣ ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសគ្នាពេញទំហឹងហើយបន្តទៅបុកនិងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L ៨១៥៧ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

ចំណែកអ្នករបួសធ្ងន់ទាំង២នាក់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែ អ្នកបើកបររថយន្ដម៉ាក LEXUS RX ៣០០ ស្រវឹង ( ០,៤៦ mg/L ) ហើយមិនប្រកាន់ស្ដាំ ទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖