ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកមីក្រូហិរញ្ញវត្ថុម្នាក់ក្លែងបន្លំឯកសារនិងយកប្រាក់របស់ក្រុមហ៊ុនអស់ជាច្រើនលានរៀលត្រូវបានតំណាងក្រុមហ៊ុនប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ចែករំលែក៖

      ខេត្តកណ្ដាល ៖ បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់​ ត្រូវបានតំណាងក្រុមហ៊ុនប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន ដោយសារតែបុគ្គលិករូបនេះបានប្រព្រឹត្តខុសក្នុងការងារ ក្លែងបន្លំឯកសារខ្ចីប្រាក់​ និងយកប្រាក់ដែលអតិថិជនបង់នោះយកមកជារបស់ខ្លួន។

ករណីឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ស្ថិតក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។

   មន្រ្តីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនសង្ស័យឈ្មោះកល្យាណ ពិសុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទានអម្រឹត មានទីលំនៅ ក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។

ចំណែកជនរងគ្រោះតំណាងឱ្យក្រុមហ៊ុនឈ្មោះសុខ សុទ្ធា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានសាខាមីក្រូហិរញ្ញវត្ថុអម្រឹតល្វាឯមមានទីលំនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

   ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុវេលាម៉ោង១១:០០នាទី នៅថ្ងៃ១២ ខែកុម្ភៈ​ ឆ្នាំ២០២២ បន្ទាប់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹតសាខាល្វាឯមបានធ្វើការប្រជុំពិភាក្សាលើការអនុវត្តការងាររបស់បុគ្គលិកឈ្មោះ​ កល្យាណ ពិសុទ្ធ មុខងារជាមន្ត្រីឥណទាន ដោយក្នុងកិច្ចប្រជុំពិភាក្សានោះសាខាមីក្រូហិរញ្ញវត្ថុអម្រឹតបានរកឃើញកំហុសរបស់បុគ្គលិកដែលបានប្រព្រឹត្តខុសក្នុងការងារមួយចំនួនដូចជាមានអតិថិជនដែលបានខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹត ហើយពួកគាត់បានសងប្រាក់ផ្ដាច់វិញមកស្ថាប័នមុនថ្ងៃកំណត់នោះត្រូវបានបុគ្គលិករូបនេះមិនបានធ្វើការបង្វិលសាច់ប្រាក់សងនោះជូនមកស្ថាប័នមីក្រូហិរញ្ញវត្ថុទេ ដោយលាក់ទុកប្រើប្រាស់ផ្ទាល់ខ្លួន បង់តែការប្រាក់ធម្មតាដើម្បីបំភាន់ស្ថាប័នតែប៉ុណ្ណោះ ។ រីឯចំណុចប្រព្រឹត្តខុសមួយទៀតនោះគឺបានធ្វើឯកសារក្លែងធ្វើជាមានអតិថិជនខ្ចីប្រាក់តែការណ៍ពិតពុំមានឈ្មោះអតិថិជនទាំងនោះបានខ្ចីពិតប្រាកដទេ គឺក្លែងបន្លំដើម្បីខ្ចីប្រាក់ពីស្ថាប័នយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយធ្វើជាសងប្រាក់ជូនស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹតនេះវិញប្រចាំខែតាមរបៀបនៃការខ្ចី និងសងវិញធម្មតា ទំហំទឹកប្រាក់ដែលឈ្មោះកល្យាណ ពិសុទ្ធ បន្លំទុកដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ស្ថាប័នមីក្រូហិរញ្ញវត្ថុរកឃើញជំហានទី១នោះគឺមានចំនួន៧៣.៥០០.០០០រៀល(ចិតសិបបីលានប្រាំរយពាន់រៀលគត់)។

   បន្ទាប់ពីមានហេតុការណ៍កើតឡើង ប្រធានសាខាមេក្រូហិរញ្ញវត្ថុអម្រឹតល្វាឯម បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីឱ្យចាត់ការចំពោះឈ្មោះកល្យាណ ពិសុទ្ធ តាមនីតិវិធីច្បាប់។

    នៅចំពោះមុខសមត្ថកិច្ចឈ្មោះកល្យាណ ពិសុទ្ធ បានសារភាពថា ពិតជាបានប្រព្រឹត្តខុសដូចដែលក្នុងអង្គប្រជុំរបស់ស្ថាប័នខ្លួនចោទប្រកាន់ពិតមែន។

   បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖